(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ​បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន។ ទីតាំងប្រកប ដោយឧត្តមភាពរបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូន នៅទូទាំងតំបន់ និងបង្កើតឲ្យមានប្រព័ន្ធអេកូឡូស៊ី នៃកិច្ចសហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញ-ទៅមក និងសុខុមាលភាពរួមក្នុងតំបន់»

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សមាជិកភាពជាយុទ្ធសាស្ត្ររបស់កម្ពុជា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗ ក្នុងតំបន់ និងសកលលោក, ដូចជា តំបន់ពាណិជ្ជកម្មសេរី អាស៊ាន, RCEP និង WTO, ធ្វើឲ្យកម្ពុជាក្លាយទៅជាតួអង្គ ប្រកបដោយសមាហរណកម្ម ខ្ពស់មួយ នៅក្នុងទីផ្សារសកលដែលពោរពេញដោយជវភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផលិតផលដែល «ផលិតនៅកម្ពុជា» ដូចជា សម្លៀកបំពាក់ និងកង់, មានការទទួលស្គាល់ នៅទូទាំងសកលលោក នាបច្ចុប្បន្ន ដោយសារគុណភាព និងតម្លៃដែលមានភាពប្រកួតប្រជែង។ ការណ៍នេះ បង្ហាញឲ្យឃើញពីវត្តមានកាន់តែខ្លាំងឡើងរបស់កម្ពុជា នៅលើទីផ្សារសកល។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានភាពរឹងមាំ ភាពធន់ និងសមាហរណកម្ម អាចនាំមកនូវវិបុលភាពរួម សម្រាប់រដ្ឋជាសមាជិកទាំងអស់។

ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្ត «យុទ្ធសាស្ត្រប្រទេស បូក» តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សាហកម្ម ដែលប្រើបច្ចេកវិទ្យាមធ្យម ឲ្យមកសាងសង់ រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿង បន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឲ្យរោងចក្រធំៗ នៅក្នុងប្រទេសជិតខាង ក្នុងតំបន់អាស៊ាន។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា កម្ពុជាបានអនុម័តច្បាប់ថ្មី ស្តីពីការវិនិយោគ ដើម្បីផ្ដល់ជូនវិនិយោគិននូវសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្ត្រ ដ៏គួរឲ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើន ដល់គម្រោងវិនិយោគ ក្នុងវិស័យអាទិភាពសំខាន់ៗ។

សម្ដេចបន្ដថា កម្ពុជា បាននិងកំពុងធ្វើការវិនិយោគជាយុទ្ធសាស្ត្រ លើបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ដែលតភ្ជាប់គ្នាទៅវិញទៅមក ដោយរួមបញ្ចូលការអភិវឌ្ឍផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋាន អន្តរជាតិ និងមជ្ឈមណ្ឌលឡូជីស្ទិកទំនើប និងទាន់សម័យ អភិក្រមគ្រប់ជ្រុងជ្រោយនេះ ជំរុញការ តភ្ជាប់ក្នុងតំបន់ដោយរលូន និងមានប្រសិទ្ធភាព ទៅកាន់ច្រករបៀងសេដ្ឋកិច្ច សំខាន់ៗនៅកម្ពុជា និងតំបន់អាស៊ានទាំងមូល។

សូមជម្រាបថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) ឆ្នាំ២០២៤ ធ្វើឡើង​ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយ​បរិយាប័ន្ន (Unleashing ASEAN's Potential: Connectivity, Technology, and Inclusive Growth)»

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុច​ស្នូល និងលើកយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន, កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និង ការប្រើប្រាស់​បច្ចេក​វិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន៕