(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ​បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានភាពរឹងមាំ ភាពធន់ និងសមាហរណកម្ម អាចនាំមកនូវវិបុលភាពរួម សម្រាប់រដ្ឋជាសមាជិកទាំងអស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្ត «យុទ្ធសាស្ត្រប្រទេស បូក» (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សាហកម្ម ដែលប្រើបច្ចេកវិទ្យាមធ្យម ឲ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿង បន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឲ្យរោងចក្រធំៗ នៅក្នុងប្រទេសជិតខាង ក្នុងតំបន់អាស៊ាន។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាជឿជាក់យ៉ាងមុតមាំថា សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានភាពរឹងមាំ ភាពធន់ និងសមាហរណកម្មអាចនាំមកនូវវិបុលភាពរួម សម្រាប់រដ្ឋជាសមាជិកទាំងអស់»។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្ត «យុទ្ធសាស្ត្រប្រទេស បូក» (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាមធ្យម ឲ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឲ្យរោងចក្រធំៗ នៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ាន។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, កម្ពុជាបានអនុម័តច្បាប់ថ្មី ស្តីពីការវិនិយោគ ដើម្បីផ្ដល់ជូនវិនិយោគិននូវសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្ត្រ ដ៏គួរឲ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើន ដល់គម្រោងវិនិយោគ ក្នុងវិស័យអាទិភាពសំខាន់ៗ។

ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជានេះ សម្ដេចធិបតី បានអះអាងទៀតថា កម្ពុជាបាននិងកំពុងធ្វើការវិនិយោគជាយុទ្ធសាស្ត្រ លើបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ដែលតភ្ជាប់គ្នាទៅវិញទៅមក ដោយរួមបញ្ចូលការអភិវឌ្ឍផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលឡូជីស្ទិកទំនើប និងទាន់សម័យ អភិក្រមគ្រប់ជ្រុងជ្រោយនេះ ជំរុញការតភ្ជាប់ក្នុងតំបន់ដោយរលូន និងមានប្រសិទ្ធភាពទៅកាន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ នៅកម្ពុជា និងតំបន់អាស៊ានទាំងមូល។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា ការវិនិយោគជាយុទ្ធសាស្ត្រទាំងនេះ ជំរុញឲ្យមានការកាត់បន្ថយចំណាយឡូជីស្ទីក និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃធុរកិច្ច ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីឲ្យពួកគេអាចទាញយកសក្តានុពលដ៏ធំពីទីផ្សារក្នុងតំបន់។ ដោយទទួលស្គាល់ពីតួនាទីដ៏សំខាន់នៃធនធានមនុស្សជំនាញ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព, កម្ពុជាបានដោះស្រាយបញ្ហាកង្វះខាតជំនាញ តាមរយៈការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គ្រប់ជ្រុងជ្រោយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ទៀតថា គំនិតផ្ដួចផ្តើមនេះ នឹងផ្តល់ការបណ្តុះបណ្តាលដល់យុវជនប្រមាណ១.៥លាននាក់ ក្នុងរយៈពេល៥ តាមរយៈការបំពាក់ជំនាញដែលមានតម្រូវការខ្ពស់ដល់មនុស្សជំនាន់ថ្មី។ កម្មវិធីនេះនឹងធានានូវអត្ថិភាពនៃធនធានមនុស្ស ប្រកបដោយសមត្ថភាព ដើម្បីបំពេញតម្រូវការជាក់ស្ដែងរបស់ធុរកិច្ច ដែលការណ៍នេះជាការរួមចំណែកដល់ការបង្កើតភាព ជោគជ័យរយៈពេលវែង សម្រាប់ធុរជន និងវិនិយោគិននៅកម្ពុជា៕