(ព្រៃវែង)៖ លោក ជួប រតនា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ត្រូវបន្តសហការជាមួយមន្ទីរជុំវិញខេត្ត ជាពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីសិក្សាលើផ្លូវជនបទដែលមានការខូចខាតដោយសារដឹកលើសទម្ងន់កំណត់ និងការចាក់ដីតាមចំណីផ្លូវបន្ថែម។

ការថ្លែងនេះរបស់លោក ជួប រតនា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើឡើងក្នុងឱកាសអញ្ជើញតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

កិច្ចប្រជុំផ្សព្វផ្សាយសន្និបាតនេះក៏មានការចូលរួម ពីលោក ជួប សំអាត អនុរដ្ឋការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឌុច គន្ធាអភិបាលរងខេត្តព្រៃវែង តំណាងលោកអភិបាលខេត្ត និងលោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលរងក្រុង ស្រុកទាំង១៣ លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ អង្គការដៃគូ និងអង្គភាពពាក់ព័ន្ធ សរុបអ្នកចូលរួម ចំនួន៨១នាក់ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង។

នៅក្នុងឱកាសនោះ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានរាយការណ៍ជូនបន្ថែមអំពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ជូនគណៈអធិបតីផងដែរ។

ជាមួយគ្នានេះ លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង បានថ្លែងថា សមិទ្ធផលនានាដែលមន្ទីរអភិវឌ្ឍន៍ជនបទសម្រេច បានក្នុងខេត្ត ហើយបានបោះជំហានទៅមុខយ៉ាងឆាប់រហ័ស និងមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ លើគ្រប់វិស័យ មានដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជនបទ មានផ្លូវគ្រប់ច្រកល្ហកតាមជនបទ ធ្វើឲ្យការចរាចរពីទីប្រជុំជន ទៅទីជនបទ ភូមិ-ឃុំទំនាក់ទំនងគ្នាបានគ្រប់រដូវ មានស្ពាន លូ ជាច្រើនបង្កើតបានជាប្រព័ន្ធស្រោចស្រព និងអាចរំដោះ ទឹកពេលមានគ្រោះទឹកជំនន់។ 

លោកបានបន្ថែមថា ការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទត្រូវបានកែលម្អ ដោយទទួលបានលទ្ធផលលើសផែនការគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ទាំងអស់នេះសរបញ្ជាក់យ៉ាងច្បាស់ថា ការងារអភិវឌ្ឍន៍ជនបទពិតជាពុំអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធនានា នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចជាម្ចាស់ជំនួយ សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន និងប្រជាពលរដ្ឋ។

លោក ជួប សំអាត បានអាននូវសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង១៣ចំណុចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ក្នុងពិធីបិទសន្និបាត​ថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០២៤​ផងដែរ។

បន្ថែមលើសពីនេះ លោក ជួប រតនា ថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តព្រៃវែង ដែលតែងតែគាំទ្រកម្មវិធីគោលនយោបាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសបានជំរុញការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងសមិទ្ធផលផ្សេងៗជាច្រើនទៀត និងសូមអរគុណ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចទៅតាមជំនាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដែលសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនលើការងារវិស័យអភិវឌ្ឍន៍ជនបទ ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ដឹកនាំមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងរួមមានដូចតទៅ៖

*សូមឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវស្រង់ទិន្នន័យការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដើម្បីសម្រេចឲ្យបានអត្រាគ្របដណ្ដប់ទូទាំងប្រទេស ១០០% និងសម្រេចឲ្យបាន ODF plus នៅពេលខាងមុខ។

*សូមឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវរៀបចំផែនការកំណត់ទីតាំងគោលដៅសម្រាប់ជ្រើសរើសភូមិគំរូ និងចុះស្រាវជ្រាវទិន្នន័យភូមិគំរូ។

*បង្ហាញ​ទស្សនៈវិស័យ​ការបង្កើតបុរីជនបទ នាពេលអនាគតសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដី ដែលជាគំនិតគោល របស់បុរីជនបទ អាចមានសាលារៀន មណ្ឌលសុខភាព ផ្សារ វត្តអារាម ភ្លើង ទឹក ផ្លូវ​ និងសោភ័ណភាពបៃតង។

*បន្តពង្រឹងសមត្ថភាពមន្ត្រីរាជការ និងពង្រឹងមន្ទីរ ក្នុងសមយ័បច្ចេកវិទ្យា​ Digital ស្របជាមួយក្រសួងអភិវ​ឌ្ឍន៏ជនបទ​ បានចុះ MOU ជាមួយ​ក្រសួងប្រៃសណីយ៌​ និងទូរគមនាគមន៌​។

*ការងារគ្រប់គ្រង​ធនធានមនុស្ស សូមឲ្យមន្ទីរមានការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទដែលសកម្មការងារ​ និងវិភាគមុខងារតាមចំណេះដឹងបទពិសោធន៍ និងអតីតភាពការងារ​ ជាពិសេស​ថ្នាក់ដឹកនាំ និងមន្រ្តីជាស្រ្តី​។

*បន្តការសាមគ្គីភាពគ្នាផ្ទៃក្នុង រវាងមន្រ្តីជាមួយប្រធាន មន្រ្តី ជាមួយមន្រ្តីតាមរយៈការយោគយល់គ្នាដើម្បីសម្រេចបាន កិច្ចការផ្សេងៗ ឲ្យកាន់តែប្រសើរ និងបន្តអនុវត្តតាមកម្មវិធីទាំង៤របស់ក្រសួងឲ្យទទួលបានជោគជយ័​៕