(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ដល់ប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូរពាណិជ្ជកម្មថា «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដែលរាជរដ្ឋាភិបាល ទើបតែបានដាក់ចេញ កាលពីពេលថ្មីៗនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីបម្រើជាមជ្ឈមណ្ឌលតំបន់ សម្រាប់ផលិតកម្ម, ពាណិជ្ជកម្ម, ធុរកិច្ច និងហិរញ្ញវត្ថុ ដែលផ្នែកមួយបង្ហាញថាកម្ពុជាបានផ្តល់អាទិភាពខ្ពស់ លើការបង្កើតបរិយាកាសងាយស្រួល ដល់ការធ្វើធុរកិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានគូសបញ្ជាក់ថា នៅឆ្នាំខាងមុខ កម្ពុជាផ្តល់អាទិភាពខ្ពស់ លើការបង្កើតបរិយាកាសងាយស្រួលដល់ការធ្វើធុរកិច្ច ។ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តការកែទម្រង់គ្រប់ជ្រុងជ្រោយ ប្រកបដោយមហិច្ឆតា ដើម្បីសម្រួលនីតិវិធី និងបង្កើនភាពទាក់ទាញនៃការវិនិយោគជារួម ។ រាជរដ្ឋាភិបាលក៏បាន និងកំពុងជំរុញបរិយាកាសនៃកិច្ចសន្ទនាបើកចំហ តាមរយៈការរៀបចំ វេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន ដើម្បីសហការយ៉ាងសកម្ម ជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការដោះ ស្រាយបញ្ហាប្រឈម និងធានានូវភាពជោគជ័យនៃការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា ។
សម្តេចធិបតីមានប្រសាសន៍ទៀតថា «លើសពីនេះ រាជរដ្ឋាភិបាល ទើបបានដាក់ចេញនូវ«កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដើម្បីផ្តល់ «អត្ថប្រយោជន៍ពិសេស» ដល់ការវិនិយោគក្នុងឆ្នាំ ២០២៤ នៅក្នុងខេត្តព្រះសីហនុ។ កម្មវិធីពិសេសនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីបម្រើជាមជ្ឈមណ្ឌលតំបន់ សម្រាប់ផលិតកម្ម, ពាណិជ្ជកម្ម, ធុរកិច្ច, ហិរញ្ញវត្ថុ ។ល។
ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បាននិងកំពុងរៀបចំការរចនាឡើងវិញនូវតំបន់សេដ្ឋកិច្ចពិសេស ដោយគិតគូរពី លក្ខណៈចម្រុះនៃឧស្សាហកម្ម, វិនិយោគិន និងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ។
ថ្លែងនាឱកាសនេះ សម្តេចធិបតីថែមទាំងជំរុញឱ្យធុរជនអាស៊ាន និងប្រទេសជាដៃគូ ចាប់យកកាលានុវត្តភាពដ៏អស្ចារ្យ ពីទិដ្ឋភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ខណៈកម្ពុជាត្រៀមខ្លួនធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិនផងដែរ។
សូមជម្រាបថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែតប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតីនាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។
កម្មវិធីពិសេសនេះ មានគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និងមានសម្ទុះលឿន ដោយផ្តោតលើគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចចំនួន៣ប្រភេទ រួមមាន៖
១៖ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និង ចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៤
២៖ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើមដំណើរការបានភ្លាមនៅក្នុងឆ្នាំ២០២៤
៣៖ ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤។
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» បានកំណត់ដាក់ចេញនូវវិធានការគន្លឹះមួយចំនួន ដែលមានសារៈសំខាន់ សម្រាប់ការជំរុញលើកទឹកចិត្តសកម្មភាពនៃការវិនិយោគ និង ធុរកិច្ចនៅក្នុងខេត្ត រួមមានជាអាទិ៍៖ ការសម្រួលនីតិវិធី និងការបំពេញបែបបទ ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច, ការសម្រួលក្នុងការផ្តល់លិខិតអនុញ្ញាត និងទិដ្ឋាការ, ការផ្តល់ការលើកទឹកចិត្តពន្ធអាករ, ការលើកលែងកម្រៃសេវាសាធារណៈ ឬ ការអនុគ្រោះផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់, ការរៀបចំតំបន់អភិវឌ្ឍន៍តាមភូមិ-សង្កាត់ និងផ្លូវសំខាន់ៗ, ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងការអភិវឌ្ឍដីដែលមានសក្តានុពល សម្រាប់តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍៕