(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដែលមានការចូលរួមពីបណ្តាធុរជនជាតិ និងអន្តរជាតិជាច្រើននាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់ៗថា រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តការកែទម្រង់គ្រប់ជ្រុងជ្រោយ ប្រកបដោយមហិច្ឆតា ដើម្បីសម្រួលនីតិវិធី និងបង្កើនភាពទាក់ទាញនៃការវិនិយោគ។

ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក៏បាន និងកំពុងជំរុញបរិយាកាសនៃកិច្ចសន្ទនា បើកចំហតាមរយៈការរៀបចំ វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ដើម្បីសហការយ៉ាងសកម្មជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈម និងធានានូវភាពជោគជ័ យនៃការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជាផងដែរ។

ក្នុងឱកាសដ៏មានតម្លៃនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីសក្តានុពលរបស់កម្ពុជា ជម្រាបជូនដល់អ្នកវិនិយោគផងដែរ។

កម្ពុជាបានអនុម័ត ច្បាប់ថ្មីស្តីពីការវិនិយោគ ដើម្បីផ្ដល់ជូនវិនិយោគិននូវសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្ត្រ ដ៏គួរឱ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើន ដល់គម្រោងវិនិយោគ ក្នុងវិស័យអាទិភាពសំខាន់ៗ។

កម្ពុជាបាន និងកំពុងធ្វើការវិនិយោគជាយុទ្ធសាស្ត្រ លើបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ដែលតភ្ជាប់គ្នាទៅវិញទៅមក ដោយរួមបញ្ចូលការអភិវឌ្ឍផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលឡូជីស្ទិកទំនើប និងទាន់សម័យ អភិក្រមគ្រប់ជ្រុងជ្រោយនេះ ជំរុញការតភ្ជាប់ក្នុងតំបន់ដោយរលូន និងមានប្រសិទ្ធភាព ទៅកាន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ នៅកម្ពុជា និងតំបន់អាស៊ានទាំងមូល ។

ការវិនិយោគជាយុទ្ធសាស្ត្រទាំងនេះ ជំរុញឱ្យមានការ កាត់បន្ថយចំណាយឡូជីស្ទីក និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃធុរកិច្ច ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីឱ្យពួកគេអាចទាញយកសក្តានុពលដ៏ធំពីទីផ្សារក្នុងតំបន់ ។

ដោយទទួលស្គាល់ពីតួនាទីដ៏សំខាន់នៃធនធានមនុស្សជំនាញ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព, កម្ពុជា បានដោះស្រាយបញ្ហាកង្វះខាតជំនាញ តាមរយៈការ អនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គ្រប់ជ្រុងជ្រោយ ។ គំនិតផ្ដួច ផ្តើមនេះ នឹងផ្តល់ការបណ្តុះបណ្តាលដល់យុវជនប្រមាណ ១,៥ លាននាក់ ក្នុងរយៈពេល ៥ តាមរយៈការបំពាក់ជំនាញដែលមានតម្រូវការខ្ពស់ ដល់មនុស្សជំនាន់ថ្មី, កម្មវិធីនេះ នឹងធានានូវអត្ថិភាពនៃធនធានមនុស្ស ប្រកបដោយសមត្ថភាព ដើម្បីបំពេញ តម្រូវការជាក់ស្ដែងរបស់ធុរកិច្ច ដែលការណ៍នេះ ជាការរួមចំណែកដល់ការបង្កើតភាព ជោគជ័យរយៈពេលវែង សម្រាប់ធុរជន និងវិនិយោគិននៅកម្ពុជា ។

សម្តេចសង្កត់ធ្ងន់ថា «ឆ្នាំខាងមុខកម្ពុជា ផ្តល់អាទិភាពខ្ពស់ លើការបង្កើតបរិយាកាសងាយស្រួល ដល់ការធ្វើធុរកិច្ច»

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យធុរជនអាស៊ាន និងដៃគូ ចាប់យកកាលានុវត្តភាពដ៏អស្ចារ្យ ពីទិដ្ឋភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ហើយកម្ពុជាត្រៀមខ្លួនធ្វើ ជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន។

សូមជម្រាបថា គិតត្រឹមចុងឆ្នាំ២០២៣ កម្ពុជាទទួលការវិនិយោគ ពីបណ្តាប្រទេសមាជិកអាស៊ាន មាន៣៦៨គម្រោង មានទុនវិនិយោគសរុបប្រមាណ ៦ពាន់លានដុល្លារអាមេរិក។ ប្រទេសម៉ាឡេស៊ី វៀតណាម ថៃ សិង្ហបុរី ជាអ្នកវិនិយោគនៅកម្ពុជាច្រើនជាងគេ ក្នុងអាស៊ាន៕