(ភ្នំពេញ)៖ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងសមាគមសម្ពន្ធយុវជនស្រឡាញ់សន្តិភាព បានចុះអនុស្សរណៈយោគយល់គ្នា លើកម្មវិធី «អភិវឌ្ឍសហគមន៍ និងកិច្ចការមនុស្សធម៌» នៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងក្នុងឱកាសនៃពិធីពិសារអាហារស្រាយបួសសន្តិភាពខែរ៉ម៉ាឌន សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព សាខាខ្មែរ-ឥស្លាម លើកទី២ ឆ្នាំ២០២៤ រវាង សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា តំណាងដោយលោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងសមាគមសម្ពន្ធយុវជនស្រឡាញ់សន្តិភាព តំណាងដោយ លោកបណ្ឌិត ប៉ានខេម ប៊ុនថន ប្រធានប្រតិបត្តិសមគមសម្ពន្ធយុវជនស្រឡាញ់សន្តិភាព ក្រោមអធិបតីភាពលោកបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងរួមគ្នា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍសហគមន៍ និងកិច្ចការមនុស្សធម៌ ដើម្បីកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។

ក្នុងឱកាសនោះ លោក ណាសៀត អូស្មាន បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកតាមរាជធានី/ខេត្ត ស្រុក/ខណ្ឌ របស់សមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ត្រូវធ្វើកិច្ចសហការយ៉ាងជិតស្និតជាមួយសម្ពន្ធយុវជនស្រលាញ់ សន្តិភាពនៅតាមតំបន់គោលដៅ ក្នុងការផ្តល់ព័ត៌មានទៅវិញទៅមក និងពិគ្រោះគ្នាជាទៀងទាត់អំពីកិច្ច សហប្រតិបត្តិការទាំងឡាយដែលជាប្រយោជន៍រួមគ្នារបស់សហគមន៍ និងជាពិសេសចូលរួមការពារសច្ច ភាព និងសមិទ្ធផលសង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះ លោកបណ្ឌិត ប៉ានខែម ប៊ុនថន បានលើកឡើងផងដែរថា សមាគមសម្ពន្ធយុវជនស្រឡាញ់សន្តិភាព ត្រូវបានបង្កើតឡើងពីការស្ម័គ្រចិត្ត និងស្រឡាញ់ដោយចិត្ត ក្នុងការបំពេញការងារដើម្បីសហគមន៍។ យើងរស់នៅក្រោមម្លប់សន្តិភាពតែមួយ ត្រូវរួមកម្លាំងគ្នា ដើម្បីរក្សានូវសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាកនេះ ឲ្យបានគង់វង្សយូអង្វែង។

ភាគីទាំងពីរព្រមព្រៀងសហការគ្នាក្នុងផ្នែកទូទៅនៃសម្មភាពដូចតទៅ៖ លើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជាក្នុងការធ្វើឱ្យជីវភាពគ្រួសារប្រសើរឡើងតាមរយៈការកសាង សមត្ថភាព និងជំនាញសមស្របដើម្បីទទួលបានការងារសមរម្យ, រៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងារមនុស្សធម៌ សប្បុរសធម៌ ដើម្បីលើកកម្ពស់ក្រមសីលធម៌ សុជីវធម៌ និងបណ្តុះការគោរពស្រលាញ់គ្នាក្នុងនាមខ្មែរតែមួយ, ឆ្លើយតបរួមគ្នាក្នុងកិច្ចការមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយសង្គ្រោះបន្ទាន់ បណ្តាល មកពីគ្រោះធម្មជាតិជាដើម, ចូលរួមលើកកម្ពស់វិស័យអប់រំ និងកីឡា ដែលជាគ្រឹះដ៏រឹងមាំសំដៅសម្រេចគោលនយោបាយអប់រំ ដើម្បីកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ ចំណេះសីលធម៌ និងចំណេះរស់ជាមួយគ្នាដោយសុខដុមរមនីយកម្ម, ចូលរួមការពារសច្ចភាព និងសមិទ្ធផលសង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕