(ភ្នំពេញ)៖ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា បានប្ដេជ្ញាជាមួយសមាជិក សមាជិករបស់ខ្លួន ត្រូវតែបោសសម្អាតក្រុមអ្នកបោកប្រាស់ទាំងឡាយដែលនាំបញ្ហាទុក្ខសោកឱ្យប្រជាជន និងនាំយកភាពជឿទុកចិត្តរបស់ប្រជាជនមកវិញ ដើម្បីរួមគ្នាជាកម្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។

ការប្ដេជ្ញារបស់លោកបណ្ឌិត ឡី សុភាព បែបនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់កណ្ដាលសមាគម នារាត្រីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួកគោក រាជធានីភ្នំពេញ។

នាឱកាសនោះ ឧកញ៉ាបណ្ឌិត សាង អ៊ាប បានឡើងអានសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មការប្រតិបត្តិសមាគម អាណត្តិទី១ របស់សមាគមធំៗទាំង៦ រួមមាន៖
១. សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា
២. សមាគមសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកកម្ពុជា
៣. សមាគមសហព័ន្ធអាជីវកម្មកម្ពុជា
៤. សមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា
៥. សមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱថសសាស្ត្រ និងទន្តសាស្ត្រកម្ពុជា
៦. សមាគមសហព័ន្ធសិប្បកម្ម ឧស្សាហកម្ម និងថាមពលកម្ពុជា

លោកបណ្ឌិត ឆម ចំរើន បានឡើងអានសេចក្ដីសម្រេចស្ដីពីការយល់ព្រមបញ្ចូលសមាជិកសកម្មរបស់សមាគម៖
១. សមាគមសហព័ន្ធវិនិយោគិនកម្ពុជា
២. សមាគមសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកកម្ពុជា
៣. សមាគមសហព័ន្ធអាជីវកម្មកម្ពុជា
៤. សមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា
៥. សមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱថសសាស្ត្រ និងទន្តសាស្ត្រកម្ពុជា

លោកបណ្ឌិត ទិត្យ សំអឿន បានឡើងអានសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពក្រុមការងារអភិវឌ្ឍន៍ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកបណ្ឌិត ហ៊ុល រឿន បានឡើងអានសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មការវិនិយោគិនថ្នាក់កណ្ដាលសមាគម លិខិតខសរសើរ ជូនចំពោះឧកញ៉ា ឆាយ សុធា និងសេចក្ដីសម្រេចស្ដីពីការប្រគល់វិញ្ញាបនបត្រពានរង្វាន់បុគ្គលដែលមានស្នាដៃឆ្នើម។ ព្រមទាំងមានការប្ដេជ្ញាចិត្តពីសំណាក់តំណាងបេក្ខជនទទួលជ័យលាភីផងដែរ។

ជាមួយគ្នានោះ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានប្ដេជ្ញាជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសហព័ន្ធទាំងអស់ខាងលើនេះ គឺត្រូវតែចេញបោសសម្អាតក្រុមអ្នកបោកប្រាស់ទាំងឡាយដែលនាំបញ្ហាទុក្ខសោកឱ្យប្រជាជន និងនាំយកភាពជឿទុកចិត្តរបស់ប្រជាជនមកវិញ ដើម្បីរួមគ្នាជាកម្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។

លោកបណ្ឌិតបន្តថា ប្រសិនបើយើងមិនរួមគ្នាបោសសម្អាតក្រុមបោកប្រាស់ទាំងនោះទេ នោះនឹងអាចរាលដាលបញ្ហាមកដល់អ្នកវិនិយោគស្របច្បាប់ឯទៀតៗ ប៉ះពាល់ដល់វិស័យវិនិយោគទាំងមូលរបស់ជាតិ នាំឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្តលើការវិនិយោគជាដើម ដែលរឿងនេះមិនអាចមើលស្រាលបានទេ។

លោកថា ក្រុមអ្នកដែលវិនិយោគបរាជ័យទាំងនោះ គឺដោយសារខ្វះការបណ្ដុះបណ្ដាលពីរបៀបវិនិយោគ មានភាពលោភលន់ហួសប្រមាណ ខ្វះគំនិតជាតិនិយម ខ្វះការស្រឡាញ់ប្រជាជន មកយកច្បាប់ជាធំ មិននឹងគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលខិតខំអភិវឌ្ឍប្រទេសមកដល់សព្វថ្ងៃនេះ ទើបនាំឱ្យវិនាសអន្តរាយខ្លួនឯង ប៉ះពាល់ដល់ស្ថិរភាពរស់នៅរបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធថែមទៀត។

លោក ឡី សុភាព ក៏បានលើកឡើងពីរបៀបវិនិយោគសង្ខេបមួយចំនួនទៅដល់អ្នកចូលរួមក្នុងកម្មវិធី ពិសេសទ្រឹស្ដី៣ផ្ដ (ផ្ដុំ ផ្ដើម ផ្ដល់)៖
១. ត្រូវចេះប្រមូលផ្ដុំកសាងកម្លាំងសមាជិក សមាជិកាឱ្យបានគ្រប់គ្រាន់។
២. ត្រូវចេះរៀបចំសមាជិក សមាជិកាក្រោមឱវាទឱ្យមានរចនាសម្ពន្ធ បែងចែកមុខងារ ភារកិច្ច តួនាទី ព្រមទាំងត្រូវចេះតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងកែតម្រូវចំណុចខ្វះចន្លោះទាំងឡាយ។
៣. ត្រូវចេះបែងចែកផ្ដល់ផលប្រយោជន៍ដល់សមាជិក សមាជិកា និងត្រូវបង្កើតជំនាញដល់សមាជិកឲ្យមានចំណេះដឹង វិជ្ជាជីវៈ ការងារ មុខរបរ ដើម្បីពួកគេទទួលបានជីវភាពល្អ។

លោកក៏បានណែនាំគន្លឹះជាច្រើនទៀតពាក់ព័ន្ធនឹងការរស់នៅ ការតុបតែងរៀបចំខ្លួន អាកប្បកិរិយាសមរម្យ ការប្រព្រឹត្តក្នុងផ្លូវល្អតាមគន្លងសច្ចធម៌ ការរកទទួលទានដោយសុចរិត ការគោរពច្បាប់ប្រទេស គោលនយោបាយជាតិ គោលនយោបាយសមាគម ព្រមទាំងការសមាគ្គីគ្នា ស្មោះត្រង់ ការចេះឱ្យតម្លៃគ្នាទៅវិញទៅមក ការសហការគ្នាក្នុងការវិនិយោគជាដើម។

ឧកញ៉ា ឡី សុភាព ព្រមទាំងសមាជិក សមាជិកាសមាគមរបស់ខ្លួន ពិតជាមានការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខំកៀរគរវិនិយោគពីអន្តរជាតិឱ្យចូលមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេស ដូច្នេះយើងនឹងត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវិនិយោគិនអន្តរជាតិទាំងនោះ ដើម្បីចូលរួមជាមួយសម្ដេចធិបតីក្នុងការអភិវឌ្ឍប្រទេសជាតិមួយនេះឱ្យបន្តរីកលូតលាស់ទៅមុខ៕