(ភ្នំពេញ)៖ លោក កាទើ មហាំណោសស្រុី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សេត មូហាំម៉ាត់សុីស រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា CMDF បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារខែរ៉ាម៉ាឌន ដែលអំណោយនេះតាមរយៈអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) ជូនប្រជាពលរដ្ឋខ្វះខាតចំនួន២០០គ្រួសារ ស្ថិតនៅភូមិអូរក្រញូង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
នាឱកាសនោះ លោក កាទើ មហាំម៉ាត់ណោសស្រុី បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាទីនឹករលឹកបំផុត។
លោកបានថ្លែងថា ខ្មែរឥស្លាមនៅកម្ពុជា ពិតមានសំណាងណាស់ ព្រោះបានរស់នៅក្នុងប្រទេសមានសុខសន្តិភាព ហើយត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ និងផ្ដល់សិទ្ធិគ្រប់បែបយ៉ាង ដូចប្រជាពលរដ្ឋខ្មែរធម្មតា ដោយមិនមានការរើសអើង។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យអនុវត្តន៍នូវទំនៀមទម្លាប់តាមបែបសាសនាឥស្លាម មិនមានការរារាំង ហើយអាចទទួលយកនូវអំណោយពីសប្បុរជន ពីបណ្ដាប្រទេសកាន់សាសនាឥស្លាម។
លោកបន្តថា ដើម្បីឆ្លើយតបទៅនឹងការគិតគូទាំងអស់នេះ សូមខ្មែរឥស្លាម ត្រូវតែចូលរួមថែរក្សាសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក ហើយត្រូវយកបណ្ដាប្រទេសក្នុងតំបន់អារ៉ាប់មួយចំនួន កំពុងជួបបញ្ហាសង្គ្រាមជាគំរូ ហើយខិតខំធ្វើយ៉ាងកុំឲ្យប្រទេសកម្ពុជា ធ្លាក់ចូលក្នុងសង្គ្រាមជាថ្មី ដូចប្រទេសទាំងអស់នោះ ។
ជាមួយនេះ លោក សេត មូហាំម៉ាត់សុីស ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឥស្លាម បន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ហើយជួយជ្រោមជ្រែងឲ្យទទួលបានជោគជ័យបន្តទៀត ដើម្បីជាផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទាំងអស់។
លោកបានថ្លែងអំណរគុណដល់សប្បុរសជន នៃប្រទេសកាតា ដែលតែងតែផ្ដល់នូវអំណោយសប្បុរសធម៌ ចែកជូនដល់ពលរដ្ឋខ្មែរឥស្លាមនៅកម្ពុជា។
បន្ទាប់ពីកម្មវិធីចែកកញ្ចប់អាហាររ៉ាម៉ាឌនខាងលើ នៅរសៀលថ្ងៃដដែលនេះ គណៈអធិបតីទាំងពីរ ក៏បានបន្តអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន១៧០ គ្រួសារផ្សេងទៀត ស្ថិតនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលអំណោយខាងលើបានមកតាមរយៈស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអេហ្ស៊ីប សហការជាមួយ CMDF៕