(ភ្នំពេញ)៖ ទារក និងកុមារកំព្រា ដែលត្រូវឪពុកម្តាយបង់បោះចោល ដោយមិនអាសូរ ហើយត្រូវបានមករស់នៅក្រោមដំបូងនៃអង្គការសង្គ្រោះជនអស់សង្ឃឹម ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អាទិភាពក្នុងការកំណត់យកអង្គការសង្គ្រោះជនអស់សង្ឃឹម គឺជាគោលដៅ ដើម្បីជួយសម្រាលការលំបាក។

ដោយចាប់តាំងពីឆ្នាំ ២០១៣រៀងមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាឧបត្ថម្ភគាំទ្រដល់អង្គការនេះ ចំនួន ២០លានរៀលជារៀងរាល់ឆ្នាំ និងបានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខដោយផ្ទាល់ និងរៀបចំអាហារដ៏ឈ្ងុយឆ្ងាញ់ជារៀលរាល់ឆ្នាំផងដែរ។

សម្រាប់នៅឆ្នាំ២០២៤នេះ ត្រូវនឹងថ្ងៃចន្ទ ទី១ ខែមេសា ស្របនឹងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ក៏នៅតែបន្ដចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ និងរៀបចំអាហារជាលើកទី១០ ជូនដល់កុមារកំព្រា ចាស់ឥតទីពឹង និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ចំនួន ៣២៨នាក់ ដែលកំពុងរស់នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក៏បានថ្លែងពីទឹកចិត្ដរបស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែបារម្ភ និងនឹកគិតមិនរំលងពីការខ្វះខាត របស់ចៅៗដ៏កំសត់នៅក្នុងមណ្ឌល។ លើសពីនេះលោកស្រីក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់លោកស្រី ម៉ារី អិន និងលោកគ្រូអ្នកគ្រូ ដែលថែទាំកុមារ ជាពិសេសក្មួយៗចៅៗទាំងអស់គ្នា ដែលកំពុងរស់នៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមផងដែរ។

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន គឺបាននឹករលឹកមុនគេ និងបានចាត់លោកស្រី និងក្រុមការងារ ចុះសួរសុខទុក្ខ និងរៀបចំអាហារឱ្យចៅ ដោយមិនទុកឱ្យរងារឯការនោះទេ។

ក្នុងឱកាសនោះលោកស្រី ម៉ារី អិន ទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម បានឱ្យដឹងថា «ក្មេងៗដែលមកស្នាក់នៅទីនេះ ខ្លះជាកុមារតូច ខ្លះទៀតជាទារកទើបនឹងកើត សុទ្ធតែមានប្រវត្តិដ៏កម្សត់ ក៏ប៉ុន្តែជីវិតរបស់ពួកគេ គឺសុទ្ធតែមានសារៈសំខាន់ក្នុងការចូលរួមចំណែក ដើម្បីសង្គមជាតិកម្ពុជានៅថ្ងៃអនាគត។ ថ្ងៃនេះពួកគេបានទទួលភាពកក់ក្តៅម្តងទៀតពីកាកបាទក្រហមកម្ពុជា ដូច្នេះខ្ញុំសូមថ្លែងអំណរគុណបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនេះបានបង្ហាញឱ្យឃើញថា ទោះសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត មិនបានអញ្ជើញមកដោយផ្ទាល់ ដូចគ្រាកន្លងមកក្ដី តែទឹកចិត្ដបេះដូង របស់សម្ដេច តែងតែគិតគូរ នឹករលឹកដល់ពួកយើងជានិច្ច។ យើងខ្ញុំពិតជាគោរពស្រឡាញ់ និងមានក្តីនឹករលឹកដល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យ៉ាងខ្លាំង, សម្តេច គឺនៅក្នុងបេះដូងពួកខ្ញុំទាំងអស់គ្នា»។

ជាការឆ្លើយតប លោកស្រី ម៉ែន នារីសោភ័គ បានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីនឹករលឹកជានិច្ច ជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ម៉ារី អិន ដែលបានជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីបានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ ត្រូវចេះសាមគ្គីភាពគ្នា ស្រឡាញ់គ្នាដូចបងប្អូន ក្នុងគ្រួសារតែមួយ ក្រោមដំបូលរបស់អង្គការ និងត្រូវខិតខំរៀនសូត្រ ជាពិសេសត្រូវធ្វើជាពលរដ្ឋល្អ សិស្សល្អ កូនល្អ ចៀសឆ្ងាយពីគ្រឿងញៀន ព្រោះកុមារមួយចំនួនក៏ធ្លាប់ឃើញឪពុកម្ដាយ និងក្រុមគ្រួសារ ជួបផលអាក្រក់ដោយសារគ្រឿងញៀននេះហើយ ដូច្នេះសូមចៀសឱ្យផុត និងត្រូវអភិវឌ្ឍខ្លួនឱ្យទៅជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិយើង។

លោកស្រីបានឲ្យដឹងទៀតថា ការចុះមកលើកនេះ លោកស្រីបានមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរីកចម្រើនធំធាត់របស់ក្មួយៗចៅៗទាំងអស់ ដែលរស់នៅក្នុងមណ្ឌល គឺមានសុខភាពល្អ ចេះទាំងការរៀបចំខ្លួនប្រាណ ចេះទាំងសម្តែងរបាំប្រពៃណីខ្មែរ ដោយទឹកមុខញញឹមប្រិមប្រីយ៍ ដែលសរបញ្ជាក់ឱ្យឃើញថា នៅក្នុងមណ្ឌលនេះពោរពេញដោយក្តីស្រឡាញ់ ភាពកក់ក្តៅ និងការថែទាំ យ៉ាងយកចិត្តទុកដាក់។

សូមជម្រាបថា ការចុះសួរសុខទុក្ខ និងរៀបចំអាហារ ក្នុងឱកាសចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានមកដល់នៅពេលខាងមុខនេះ កាកបាទក្រហមកម្ពុជាបាននាំមកនូវ អង្ករ ៣តោន, មី ២០កេស, ត្រីខ ៥កេសធំ, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, ផ្លែក្រូច ៥កេស, ទឹកត្រី ១០យួរ, អាល់កុល ៣០ប៊ីដុង និងថវិកា ១០លានរៀល។ ចំពោះអាហារនៅថ្ងៃនេះ មានមុខម្ហូបដូចជា សម្លម្ជូរគ្រឿងឆ្អឹងជំនីជ្រូក, ឆាផ្សិតចំបើងគ្រឿងសមុទ្រ, ឡុកឡាក់សាច់គោ, បាយឆា, បង្អែមបបរលត, ទឹកក្រូច និងទឹកបរិសុទ្ធជាដើម៕