(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៨គ្រួសារ មកពីភូមិចំនួន៥ ក្នុងឃុំឃ្លាំងមាសស្រុកបវេល ខេត្តបាត់ដំបង ដែលរងគ្រោះកាលពីថ្ងៃ២៩ ខែមីនាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

ក្នុងឱកាសនោះលោក សុខ លូ  បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដោយបានបញ្ជាក់ថា សម្តេចតែងតែយកចិត្តទុកដាក់និងគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានោះដែរ លោកសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែងនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលបង្កឡើងដោយគ្រោះធម្មជាតិគឺខ្យល់កន្ត្រាក់នាពេលនោះ ដែលធ្វើឱ្យមានការប៉ះពាល់ខ្លាំងដល់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិរហូតដល់ផ្ទះខ្លះត្រូវខ្យល់វាយឱ្យរលំដល់ដី ដែលបានបង្កនូវផលលំបាកក្នុងជីវភាពរស់នៅផងដែរ។

លោក សុខ លូ បានបន្តអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទូទៅសូមមានការប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះធម្មជាតិ ដែលតែងតែកើតមានឡើងដោយមិនមានប្រាប់ឱ្យយើងដឹងមុននោះទេ ហើយក្នុងនោះជាបន្តបន្ទាប់ក្រសួងធនធានទឹកនិងឧតុនិយមតែងតែបានចេញសេចក្តីជូនដំណឹងអំពីការព្យាករណ៍អាកាសធាតុដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មាន ក្នុងការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិផ្គរ រន្ទះ ដែលអាចកើតមានឡើងជាយថាហេតុផងដែរ។

ក្នុងនោះលោក ក៏បានបញ្ជាក់ថា បើមានជួបនូវគ្រោះធម្មជាតិ សូមប្រញ៉ាប់រាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរដែនដី ឬសមត្ថកិច្ច ដែលនៅជិតបំផុត ដើម្បីមានវិធានការជួយសង្រ្គោះឱ្យបានទាន់ពេលវេលា ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ឱ្យនៅរងគ្រោះនោះឡើយ។

ចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តោយអោយប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋសរុប ៩៧ខ្នងផ្ទះ(ស្មើ៩៧គ្រួសារ) រលំទាំងស្រុក ១១ខ្នង ធ្ងន់ធ្ងរចំនួន៤៨ខ្នង ប៉ះពាល់ដោយអន្លើចំនួន៣៩ខ្នងផ្ទះក្នុងនោះមនុស្សរាយ៣៩៧នាក់ ស្រី១៩២នាក់ លើកក្រុងស្រុកចំនួន៩ ឃុំសង្កាត់១៣ក្នុងភូមិចំនួន ២៩ភូមិក្នុងនោះស្រុកបវេល ប៉ះពាល់ឃុំឃ្លាំងមាសចំនួន១៨គ្រួសារ លើ៥ភូមិផងដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, ទឹកបរិសុទ្ធ១ កេស, មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ , មុង១ ក្រមា១និងថវិកា១០ម៉ឺនរៀល ព្រមទាំងសង្ក័សីមួយចំនួនពីលោក ព្រួញ រិទ្ធិថា ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានឃុំឃ្លាំងមាសផងដែរផងដែរ៕