(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ ជួន សារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អាកាសធាតុនៅលើផ្ទៃសមុទ្រ ខេត្តព្រសីហនុព្រឹកនេះ មេឃងងឹត មានភ្លៀងធ្លាក់ កម្លាំងខ្យល់កន្ត្រាក់បង្គួរ ដែលអាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។
លោកឧត្តមសេនីយ៍បានបញ្ជាក់ យ៉ាងដូច្នេះថា «ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ មេឃមានពពកងងឹត ហើយមានភ្លៀង កម្លាំងខ្យល់បក់កន្ត្រាក់បង្គួរ និងទឹក រលកយោលជាមធ្យមនៅតាមនៅតាមចន្លោះឃ្លង។ នៅឆ្នេរអូរឈើទាល ខ្យល់បក់ និងទឹករលកជាមធ្យម។ អាកាសធាតុបែបនេះស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់»។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ បានចេញសេចក្តីប្រកាស ព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៦-១២ ខែកញ្ញា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា របាយទឹកភ្លៀងនឹងបន្តធ្លាក់រាយប៉ាយពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេស ខណៈតំបន់មាត់សមុទ្រវិញ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ជាមួយនឹងបរិមាណកើនឡើង ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ។
សូមប្រុងប្រយ័ត្ន៖ តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ៗ ចាប់ពីថ្ងៃទី០៩-១២ ខែកញ្ញា ឆ្នាំ២០១៦៕