(ភ្នំពេញ)៖ គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំដោយលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ក្នុងស្មារតីនៃវប្បធម៌ចែករំលែក បានអញ្ជើញចុះទៅសួរសុខទុក្ខនិងចែកអំណោយ មានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ជូនដល់នគរបាលការពារព្រំដែនខេត្តឧត្តរមានជ័យ កងវរៈសេនាតូច ៩០៥ និងនគរបាលការពារព្រំដែនខេត្តព្រះវិហារ កងវរៈសេនាតូច ៧៩៥ ។

នាឱកាសនោះដែរ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពីសំណាក់លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី។ ក្នុងនាមលោកផ្ទាល់ បានលើកឡើងថា ថ្វីត្បិតកងកម្លាំងទាំងអស់ត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងច្រើនក៏ដោយ ទាំងការងារកិច្ចការពារ បូរណភាពទឹកដី និងការងារកសាងអង្គភាពផងនោះ ក៏កងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែង តស៊ូយកអស់កម្លាំងកាយ កម្លាំងចិត្ត និងលទ្ធភាព ពុះពារជំនះរាល់ឧបសគ្គ រហូតសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនទាំងនៅសមរភូមិមុខ ក៏ដូចជានៅសមរភូមិក្រោយ ប្រកបដោយទឹកចិត្តមុះមុត ស្មារតីអង់អាច ក្លាហាន តស៊ូប្តូរផ្តាច់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន និងចងចាំមិនភ្លេចនោះឡើយនូវគំរូវីរភាព ដ៏អង់អាចក្លាហានរបស់កងទ័ពយើង។

ដោយឡែកអំណោយដែលផ្តល់ជូននគរបាលការពារព្រំដែននៃកងវរៈសេនាតូច ទាំងពីរខាងលើរួមមាន: គ្រឿងឧបភោគ បរិភោគ(អង្ករ ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខកំប៉ុង មីខ្លាឃ្មុំស្ករស ប៊ីចេង ប្រេងឆា) ព្រមទាំងឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕