(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្ត ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចូលរួមដោយលោក-លោកស្រី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញទាំង៦ ចំណុះនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្ដ្រីទាំងអស់ នៃនាយកដ្ឋាន។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានណែនាំឲ្យបន្ដពង្រឹងការងារគ្រប់គ្រងមន្ត្រីក្រោមឱវាទ, គ្រប់គ្រងបញ្ជីវត្តមានប្រចាំថ្ងៃឲ្យច្បាស់លាស់, ពង្រឹងវេនប្រចាំការ២៤/២៤ម៉ោង), ពង្រឹងរបៀបរបបការងារ, ពង្រឹងលើការគ្រប់គ្រងអាវុធ និងពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានដាក់ចេញទិសដៅមួយចំនួនដូចជា៖ បន្តចុះត្រួតពិនិត្យប្រព័ន្ធសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអនុវត្តវិធានការច្បាប់តាមបណ្តាសហគ្រាស គ្រឹះស្ថាននានា ដែលប្រើប្រាស់ និងជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន តាមរាជធានី-ខេត្ត, រៀបចំឯកសារស្នើសុំគោលការណ៍លុបចោលក្រុមហ៊ុនដែលក្យ័យធន និងសិក្សារៀបចំបើកវគ្គបណ្តុះបណ្ដាលភ្នាក់ងារសន្តិសុខឯកជនតាមភូមិភាគ៕