(កំពត)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសំណូមពរ ដល់អាជ្ញាធរខេត្ត និងអង្គភាពនានា បន្តការគាំទ្រ សហការណ៍ និងបង្កលក្ខណៈដល់ថ្នាក់ដឹកនាំនារី ព្រមទាំងសមាជិកាទាំងអស់ អាចមានឱកាសបំពេញភារកិច្ចក្នុងក្របខ័ណ្ឌសមាគមបានល្អ។

ថ្លែងសំណូមពរបែបនេះ ខណ:កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលកាការងារ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំសាលាខេត្តកំពត នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ លោក ញូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត, លោកបណ្ឌិតអភិបាលខេត្តកំពត ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី មៅ ធនិន ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ព្រមទាំងជួរថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត មែន សំអន បានថ្លែងកោតសសើរលោកស្រី ហ៊ុន ចាន់ធី មៅ ធនិន ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី អនុវត្តបាននូវទិសដៅភារកិច្ច ដោយឈរលើសាមគ្គីភាព ឯកភាព សហការគ្នាល្អ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តបញ្ជាក់ទៀតថា បងប្អូននារី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តកំពត បានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ចជូនជាតិមាតុភូមិ ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ជាពិសេស ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដោយមិនខ្លាចនឿយហត់ និងបានចូលរួមចំណែកជាច្រើនក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍខេត្តកំពត រហូតទទួលបានជោគជ័យ យ៉ាងធំធេងជាបន្តបន្ទាប់។ បច្ចុប្បន្ននេះនារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍជាតិ។

ទន្ទឹមនេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានស្នើឱ្យជួរថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់លើការងារស្នូល ចំនួន៥ ដូចខាងក្រោម៖

*ទី១៖ អនុវត្តឱ្យបាននូវទិសដៅការងារ របស់សមាគមនារី និងគណៈចលនាស្ត្រី តាមរយៈការពង្រឹង ពង្រីកសមាជិកភាព ពង្រឹងរបៀបរបបធ្វើការងារ និងថែរក្សាស្មារតីសាមគ្គីភាព ឯកភាពទស្សនៈ គោលជំហរនយោបាយ សតិអារម្មណ៍ឲ្យកាន់តែរឹងមាំ។
*ទី២៖ រក្សារបៀបរាយការណ៍ជាប្រចាំ ពង្រឹងនិងបង្កើនប្រសិទ្ធភាពដឹកនាំកិច្ចសហការល្អ ជាមួយស្ថាប័នគ្រប់លំដាប់ថ្នាក់ ជាពិសេស គណៈចលនាមហាជន ក្រុមចលនាស្ត្រី។
*ទី៣៖ ពង្រឹង និងពង្រីកទំនាក់ទំនងល្អជាមួយសប្បុរសជន អង្គការសមាគម ដែលធ្វើសកម្មភាពនៅក្នុងខេត្ត និងផ្នែកពាក់ពន្ធ័ទាំងអស់។
*ទី៤៖ ត្រូវស្មោះត្រង់ និងរក្សាទំនាក់ទំនង និងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ តាមរយៈការចុះមូលដ្ឋានជាប់ជាប្រចាំ ជួបប្រជុំជាមួយបងប្អូននារី ដើម្បីអប់រំ ផ្សព្វផ្សាយ បំពាក់បំប៉ន ពង្រឹងសតិអារម្មណ៍ ចិញ្ចឹមចលនា ក្តាប់ឲ្យបានជាប់នូវតម្រូវការ របស់ប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលានូវតម្រូវការចាំបាច់របស់គាត់។
*ទី៥៖ ពង្រឹងសីលធម៌រស់នៅស្អាតស្អំ រក្សាប្រពៃណីល្អ និងសេចក្តីថ្លៃថ្នូររបស់ជាតិយើង ជាពិសេស ការផ្ដល់តម្លៃដល់ស្ត្រី និងការថែរក្សា ការពារកិត្តិយស្ត្រី និងរួមចំណែកទប់ស្កាត់អំពើពាលាអាវ៉ាសែ អំពើហឹង្សា ការរំលោភ ការសេពគ្រឿងញៀន គ្រឿងស្រវឹង។

តាមរយៈសុន្ទរកថាស្វាគមន៍របស់លោកស្រី ហ៊ុន ចាន់ធី មៅធនិន បានបង្ហាញថា ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្កលក្ខណៈជួយសម្របសម្រួល និងដោះស្រាយបាននូវបញ្ហាជាច្រើន ជាពិសេសពាក់ព័ន្ធជាមួយនឹងស្ត្រី និងការដោះស្រាយក្រៅប្រព័ន្ធតុលាការជាដើម៕