(ភ្នំពេញ)៖ អង្គមហាសន្និបាតក្រសួងយុត្តិធម៌ បានឯកភាពគ្នា ក្នុងការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី, ក្រមនីតិវិធីរដ្ឋប្បវេណី, ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្តរបស់ក្រសួងយុត្តិធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា អង្គមហាសន្និបាតបានពិនិត្យឃើញអំពីភាពចាំបាច់ក្នុងការពិនិត្យពិចារណាធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ព្រមទាំងច្បាប់ក្នុងវិស័យរដ្ឋប្បវេណី ដែលមានការពាក់ព័ន្ធត្រង់ចំណុច នៃការប្រើប្រាស់ពាក្យពេចន៍ និងឃ្លាឃ្លោងពិបាកយល់, ចំណុចដែលមិនអាចអនុវត្តបាន និងចំណុចដែលខ្វះខាត (សម័យឌីជីថល) ដើម្បីធានាដល់ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការអនុវត្ត។

សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងដែរថា អង្គមហាសន្និបាត បានពិនិត្យឃើញថាក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដែលមានការពាក់ព័ន្ធ មានភាពចាំបាច់ក្នុងការធ្វើវិសោធនកម្ម ដោយហេតុថា៖

* (ទី១)- បទប្បញ្ញត្តិមួយចំនួន នៅមានភាពមិនទាន់ច្បាស់លាស់ ឬមិនទាន់រលូន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាព នៅក្នុងការអនុវត្ត,
* (ទី២)-បទប្បញ្ញត្តិមួយចំនួន មិនទាន់អាចឆ្លើយតបទៅនឹងស្ថានភាពនៃសង្គមជាក់ស្តែង,
* (ទី៣)-មានភាពចាំបាច់ក្នុងការបន្ថែមនូវបទប្បញ្ញត្តិថ្មីៗមួយចំនួន ផ្អែកតាមការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល
* និង (ទី៤)-ភាពចាំបាច់ក្នុងការពិនិត្យមើលប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឡើងវិញ ប្រសិនបើចាំបាច់ ដើម្បីធានា ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា។

ក្នុងន័យនេះ អង្គមហាសន្និបាតបានពិនិត្យ និងឯកភាពចំពោះភាពចាំបាច់ក្នុងការពិនិត្យធ្វើវិសោធនកម្ម ក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវការលំបាកនៅក្នុង ការអនុវត្ត, បំពេញបន្ថែមនូវចំណុចខ្វះខាត ដោយផ្អែកតាមការវិវត្តន៍នៃស្ថានភាពសង្គម និងសម័យបច្ចេកវិទ្យា និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ក្នុងរឿងព្រហ្មទណ្ឌនៅកម្ពុជា៕