(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ មាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៦ព្រឹកព្រលឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ និងធ្វើការឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ពីបទរស់នៅ និងធ្វើការខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ការចុះត្រួតពិនិត្យខាងលើនេះ បានធ្វើឡើងនៅផ្ទះលេខ២០និងផ្ទះលេខ២៦ ផ្លូវលេខ៤០ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោកឧត្តមសេនីយ៍បានបន្តថា ជនជាតិវៀតណាមទាំង៨នាក់នេះ មានស្រីម្នាក់ មានកាន់លិខិតឆ្លងដែន ទិដ្ឋាការE ចំនួន៣នាក់ តែគ្មានសៀវភៅការងារ ត្រូវបានដកយកលិខិតឆ្លងដែនមកធ្វើការផកពិន័យ តាមច្បាប់ការងារ។ ដោយឡែកមនុស្សចំនួន៥នាក់ គ្មានលិខិតឆ្លងដែន មានតែអត្តសញ្ញាណប័ណ្ណវៀតណាម ត្រូបាននាំខ្លួនយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធី៕