(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានអបអរសាទរជូនសម្តេច នាឱកាសដែលព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្រ្តី។

នៅក្នុងលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមានខ្លឹមសារដូចនេះថា ខ្ញុំបានទទួលរួចហើយនូវសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដែលបានប្រសិទ្ធពរជ័យជូនខ្ញុំ និងភរិយា ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជៅ និងពាក្យពេចន៍ប្រកបដោយអត្ថន័យដ៏កក់ក្តៅ និងសព្ទសាធុការពរជ័យដល់រូបខ្ញុំ និងភរិយា ក្នុងឱកាសព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងរូបខ្ញុំជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសប្រពៃថ្លៃថ្លានេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្ដី ជ័យមង្គលគ្រប់ប្រការដល់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបនឹងព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិតសម្តេចវិបុលសេនាភក្តី សាយ ឈុំ៖