(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីណែនាំចំនួនន៦ចំណុច ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤ ដើម្បីឱ្យស្របតាមប្រពៃណី ទំនៀមទំលាប់ជាតិ។

រដ្ឋបាលខេត្តព្រះវិហារ បានណែនាំដូចខាងក្រោម៖

*ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» និងព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពដ៍ខ្ពង់ខ្ពស់បំផុត ដោយមានតុបតែងលម្អ ដោយកំាត់បូ បំភ្លឺភ្លើងពណ៍ និងលើកបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ តាមគ្រប់មន្ទីរអង្គភាព ស្នងការដ្ឋាន បញ្ជាការដ្ឋាន សាលារៀន វត្តអារាម រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងណែនាំដល់ប្រជាពលរដ្ឋឱ្យលើកទង់ជាតិតាមគ្រប់គេហដ្ឋាន។
*ត្រូវយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងភ្លើងឆេះផ្សេងៗ ដែលនាំឱ្យមានគ្រោះថ្នាក់អគ្គីភ័យ។
*ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវសហការរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍គ្រប់ទីកន្លែង មុន ក្រោយ និងក្នុងពេលប្រារព្វពិធីបុណ្យចូលឆ្នាំនៅតាមវត្ត មណ្ឌុលកំសាន្ត រមណីយដ្ឋាន ព្រមទាំងបង្កលក្ខណៈល្អប្រសើរជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ចូលរួមកំសាន្តសប្បាយ ជាពិសេសចាតិវិធានការទប់ស្កាត់ និងលុបបំបាត់នូវសកម្មភាពណា ដែលល្មើសច្បាប់ ហើយប្រាសចាកប្រពៃណីទំនៀមទម្លាប់ជាតិ។
*មន្ទីរទេសចរណ៍ មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ត្រូវសហការចាត់តាំងឱ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ ការប្រគុំតន្ត្រីបុរាណ សម័យ តាមមណ្ឌុលកំសាន្ត តាមរមណីយដ្ឋាននានា ឫទីតាំងណាដែលសមគួរ ហើយចៀសវាងនិងទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាសចាកនិងច្បាប់។
*មន្ទីរធម្មការសាសនា និងរដ្ឋបាលក្រុង ស្រុក ត្រូវសហការរៀបចំពិធីបុណ្យសាសនាតាមវត្តអារាម ឱ្យស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ សម្អាតបរិស្ថានក្នុងវត្ត សម្អាតព្រះពុទ្ធរូប ព្រះបដិមា ពិធីស្រោចទឹកសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យ ជាដើម និងត្រូវចាត់តាំងឱ្យមានពិធីបុណ្យបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូនជនរយមជាតិដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នោតាមទីកន្លែងដែលបានតម្កល់អដ្ឋិធាតុ តាមបូជនីយដ្ឋាន ស្តូប តាមវត្តអារាម។
*មន្ទីរព័ត៌មានត្រូវចាត់តាំងអ្នកយកព័ត៍មាន និងទូរទស្សន៍ ឱ្យចុះធ្វើសកម្មភាពថតរូប ថតទូរទស្សន៍ អំអីសកម្មភាព និងទិដ្ឋភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានពិធីបុណ្យប្រពៃណីសាសនាតាមវត្ត ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ទាំងក្នុងនិងក្រៅប្រទេស បានទស្សនាយល់ជ្រួតជ្រាប៕