(កំពង់ធំ)៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះពិនិត្យមើលការរៀបចំទីតាំងដើម្បីដាក់បំពាក់សូឡាបំភ្លឺផ្លូវលេខ២៦៤D នៅមាត់ស្ទឹងស្ទោងពីឃុំកំពង់ចិនត្បូង ទៅឃុំម្សាក្រង។

ក្នុងឱកាសនោះ លោកបានអំពាវនាវប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសសប្បុរសបុរសជនជិតឆ្ងាយសូមបន្តគាំទ្រ ឧបត្ថម្ភ ជាសម្ភារ ថវិកា ជាមួយអាជ្ញាធរ និងរដ្ឋបាលស្រុកដើម្បីអភិវឌ្ឍស្រុកស្ទោងឲ្យមានសោភ័ណ ជាពិសេសបំពាក់សូឡានៅផ្លូវ លេខ២៦៤D មាត់ស្ទឹងស្ទោង នាពេលនេះ។

លោកបានបង្ហាញឲ្យឃើញថា ការដាក់ដាំសូឡានៅពេលនេះគឺមិនត្រឹមតែជួយបំភ្លឺផ្លូវនៅពេលរាត្រីសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរដោយសុវត្ថិភាពប៉ុណ្ណោះទេ គឺថែមទាំងបានជួយលើកកម្ពស់និងលើកសម្រស់ស្រុកស្ទោងថែមទៀត ហើយក៏បង្ហាញឲ្យឃើញពីការរួបរួមសាមគ្គី សហការរវាងប្រជាពលរដ្ឋ និងសប្បុរសជនជាមួយអាជ្ញាធរមូលដ្ឋានជាពិសេសជាមួយរដ្ឋបាលស្រុកក្នុងការអភិវឌ្ឍន៍ស្រុកឲ្យកាន់តែមានរីកចម្រើនជាលំដាប់។

គួរបញ្ជាក់ថា ការបំពាក់សូឡានៅពេលនេះគឺដាក់អមសងខាងផ្លូវដែលមានចំងាយ២៥ម៉ែត្រក្នុង១ដើម ចាប់ពីស្ពានថ្មស្ទឹងស្ទោង ភូមិឈើទាលរហូតដល់ស្ពានភូមិជីយោគ ឃុំកំពង់ចិនត្បូង ដែលគ្រោងនឹងបំពាក់ឲ្យរួចមុន ថ្ងៃចូលឆ្នាំខ្មែរ មកដល់ហើយការដាក់អំពូលនេះមានប្រវែងជិត៤គីឡូម៉ែត្រ៕