(សៀមរាប)៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានជើងហោះហើរត្រង់ពីចំនួន៨ប្រទេស ដោយនៅក្នុងនោះមាន ៦ក្នុងតំបន់អាស៊ាន បូករួមចិន និងកូរ៉េខាងត្បូង។ ខណៈឥណ្ឌា នឹងមានជើងហោះហើរត្រង់មកកម្ពុជានាខែមិថុនាខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកអភិវឌ្ឍន៍ការហោះហើរ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ពីខេត្តសៀមរាប អ្នកទទួលបន្ទុកអភិវឌ្ឍន៍ការហោះហើរ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរខាងលើបានបន្ថែមថា បច្ចុប្បន្នអាកាសយានដ្ឋាននេះ ទទួលបានភ្ញៀវភាគច្រើនពីប្រទេសថៃ និងប្រទេសវៀតណាម។

បច្ចុប្បន្នជាមធ្យមក្នុងមួយថ្ងៃ អាកាសយានដ្ឋាននេះទទួលបានជើងហោះហើរចំនួន៥០ជើងទាំងទៅនិងមក ហើយទទួលបានភ្ញៀវខ្ទង់៥០០០នាក់។ ចំនួននេះបានធ្វើឲ្យជើងហោះហើរក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤នេះ មានការកើនឡើងប្រមាណ ៥% បើធៀបនិងដំណាច់ឆ្នាំ២០២៣កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីលោក ពេជ្រ សុប៉ុនតារា។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។
ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិ-អង្គរ (AIAI) មានភាគហ៊ុនិក៖ ១៖ ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group) មានភាគហ៊ុនចំនួន ៧៦.៦%, ២៖ ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group) មានភាគហ៊ុនចំនួន ២០% និង ៣៖ ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានភាគហ៊ុនចំនួន ៣.៤%៕