(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ ថាំង​ ហួយក្លឹប នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន ដែលដឹកនាំផ្ទាល់ប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ដែលផ្សាយផ្ទាល់​ថាដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបទីតាំង ថាំង​ ហួយក្លឹប។

លោកឧត្តមសេនីយ៍ឯកបន្តថា ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ១១១នាក់​ (ស្រី៥០នាក់)​ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី​ ចំណែកឯវត្ថុតាងមានថ្នាំញៀន៥គីឡូក្រាម​ ត្រូវបានកម្លាំងជំនាញរឹបអូស។

បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

សូមជម្រាបថា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន ប្រើប្រាស់កណ្តាប់ដៃដែក ធ្វើការបោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឱ្យអស់ ពិសេសនៅតាមក្លិបកម្សាន្ត។ មន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដឲ្យអស់ នូវបញ្ហាគ្រឿងញៀននេះ៕