(ព្រះវិហារ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដឹកនាំដោយលោក សាំ ពិសិដ្ឋ, សាលាខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ជា វរៈ និងសាលាខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោក ផុន សុផាន ជាអភិបាលខណ្ឌ និងខណ្ឌកំបូល លោក តោ វីរូ បានសហកាចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ ៧៩៣ ឈរជើងនៅទិសច្រកអានសេះ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
ជំនួសមុខឲ្យប្រតិភូ លោក សាំ ពិសិដ្ឋ បានថ្លែងកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វរនគរបាលនៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់យើង ដោយមិនអោយសត្រូវឈ្លានពានមកលើទឹកដីកម្ពុជាយើងបានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ។
ក្នុងឱកាសនោះ គណៈប្រតិភូបានជូនអំណោយសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនោះ រួមមាន៖
១-ខណ្ឌព្រែកព្នៅ ឧបត្ថម្ភអង្គភាព លុយ ៥០ម៉ឺនរៀល និងធ្វើអាងស្តុកទឹកអង្គភាព ក្នុងតម្លៃ ២២០០ដុល្លារ
២-ខណ្ឌកំបូល ឧបត្ថម្ភអង្គភាព នំ Middas 10 កេសធំ, មីម៉ាៗ៤០កេស, លុយ ៥០ម៉ឺនរៀល ជូនដល់អង្គភាព និងធ្វើអាងស្តុកទឹកអង្គភាព ក្នុងតម្លៃ ២២០០ដុល្លារ
៣-ខណ្ឌពោធិ៍សែនជ័យ ឧបត្ថម្ភអង្គភាព លុយ ៥០ម៉ឺនរៀល និងធ្វើអាងស្តុកទឹកអង្គភាព ក្នុងតម្លៃ ២២០០ដុល្លារ
៤-មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចូលរួមឧបត្ថម្ភនូវស្រាបៀរ VATTANAC ចំនួន ៥០កេស, ផ្តល់ថវិកា ជូនដល់អង្គភាព ចំនួន ៥០ម៉ឺនរៀល និងធ្វើអាងស្តុកទឹកអង្គភាព ក្នុងតម្លៃ ២២០០ដុល្លារ៕