(ព្រះវិហារ)៖ សមិទ្ធផលជាច្រើនក្នុងវត្តសំពៅមាសកែវនិមិត្ត ហៅវត្តក្វាំង ស្ថិតនៅភូមិប៉ាលហាល ឃុំរីរាយ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានសម្ពោធឆ្លង ដើម្បីបម្រើការគោរពប្រណិប័តន៍តាមគន្លងព្រះពុទ្ធសាសនា នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤នេះ។
ពិធីសម្ពោធឆ្លងសមិទ្ធផលក្នុងវត្តសំពៅមាសកែវនិមិត្ត ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីលោក កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក គង់ លីវ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីរាជការ មកពីតាមមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ ពុទ្ធបរិស័ទជិត ឆ្ងាយ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូបទៀត។
លោក គីម រិទ្ធី បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះព្រះតេជគុណ ប៊ុត សុភា ព្រះចៅអធិការវត្តសំពៅមាសកែវនិមិត្ត ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យ គណៈកម្មាការវត្ត សប្បុរសជន ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទទាំងអស់ ដែលខិតខំយកអស់ព្រះកាយពល បញ្ញាញាណ ធនធានចូលរួមចំណែកក្នុងការកសាងឡើងនូវសមិទ្ធិផលនានាជាច្រើននៅក្នុងវត្ត គួរជាទីជ្រះថ្លាសម្រាប់ពុទ្ធបរិស័ទ ធ្វើបុណ្យសន្សំកុសល តាមផ្លូវព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះ លោអភិបាលខេត្តព្រះវិហារ ក៏បានឆ្លៀតគូសរំលេចពីភាពរីកចម្រើនរបស់ប្រទេសជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅ ក្រោយប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោកអភិបាលខេត្ត បានបន្តថា បច្ចុប្បន្នសមិទ្ធផលទាំងឡាយដែលកសាងឡើងដោយសម្តេចតេជោ កំពុងបន្តថែរក្សាយ៉ាងខ្ជាប់ខ្ជួនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាពេលបច្ចុប្បន្ន។ មិនត្រឹមតែថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាលចាស់ប៉ុណ្ណោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញគោលនយោបាយ និងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ប្រទេសជាតិ។
លោក គីម រិទ្ធី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ រួមគ្នាចូលរួមពង្រឹង និងពង្រីកលើកស្ទួយវិស័យព្រះពុទ្ធសាសនា។ អនុសាសន៍នោះរួមមាន៖
* ព្រះសង្ឃ គណៈកម្មាការ តាជី យាយជី និងពុទ្ធបរិស័ទទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពផ្តៃក្នុង សហការអនុវត្តតួនាទី ភាររកិច្ច តាមព្រះវិន័យ ឋានានុក្រម ដើម្បីពង្រឹងនូវឯកភាពក្នុងស្ថាប័នព្រះពុទ្ធសាសនា។
* ប្រកាន់កិច្ចសហប្រតិបត្តិការល្អថែមទៀត ជាមួយមន្ទីរធម្មការនិងសាសនាខេត្ត អាជ្ញាធរ ស្រុក ឃុំ ភូមិ ដើម្បីសហការបំពេញការងារ ឱ្យកាន់តែទទួលលទ្ធផលល្អ ប្រកបដោយការយោគយល់គ្នា និងអធ្យាស្រ័យគ្នាទៅវិញទៅមក។
* មន្ទីរធម្មការនិងសាសនាខេត្ត និងសាលាគណខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពសាលាពុទ្ធិកគ្រប់កម្រិត ឱ្យក្លាយជាថ្នាលបណ្តុះបណ្តាលព្រះធម៍ភាសាបាលី ភាសាសំស្រ្កឹត ចំណេះទូទៅ និងជំនាញវិជ្ជាជីវៈមួយដ៏ល្អ។
* តាមរយហព្រះពុទ្ធសាសនា សូមជំរុញការផ្សព្វផ្សាយទប់ស្កាត់បញ្ហាគ្រឿងញៀន ការគោរពច្បាប់ចរាចរណ៍ ការប្រតិបត្តិអំពើល្អ ការទន្ទ្រានដីធ្លី សីលធម៍ក្នុងការរស់នៅ តាមរយៈការបញ្ជ្រាបព្រះធម៌ទេសនា ការអប់រំតាមសាលារៀន តាមសហគមន៍។
* ផ្សព្វផ្សាយរៀបចំសោភ័ណភាពទីសាធារណៈ វត្តអារាម និងទីសក្ការៈបូជា លំនៅដ្ឋាន ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ។
* ណែនាំផ្សព្វផ្សាយសាធារណជន ក្នុងការទប់ស្កាត់ការលេងល្បែងសុីសង ការលែងជះទឹក លាបឃ្យូង និងសកម្មភាពបង្ករ អាណាធិបតេយ្យ អសន្តិសុខ សណ្តាប់ធ្នាប់ទីសាធារណៈ ជាពិសេខនៅក្ន្ងការអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ៕