(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៣៥០គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងនោះមានម៉ូតូ ២៨៥គ្រឿង និងរថយន្ត ៦៥គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១១,៤៣១គ្រឿង ក្នុងនោះមានម៉ូតូ ៨,៨២២គ្រឿង និងរថយន្តគ្រប់ប្រភេទ ២,៦០៩គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក គ្រឿងញៀន ស្រវឹង ស្លាកលេខ និងភ្លើង-ផ្លាកជាដើម។ ដោយឡែករថយន្តរួមមាន៖ អត់បណ្ណបើកបរ ដឹកសំពីងសំពោង ភ្លើង-ផ្លាក ឆៀក គ្មានភ្លើងបំភ្លឺ និងលើសល្បឿនជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៨លើក ក្នុងនោះអ្នកស្លាប់ចំនួន ០១នាក់ របួសចំនួន ១៩នាក់ (របួសធ្ងន់ចំនួន ០៩នាក់)។ រយៈពេល ៣១ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៦៧លើក បណ្ដាលឱ្យមនុស្សស្លាប់ ១៣៩នាក់ របួស​ ៣៩១នាក់ (របួសធ្ងន់ ២២៥នាក់)៕