(ភ្នំពេញ)៖ ដើម្បីពង្រីកវិសាលភាព ប្រតិបត្តិការ ខណៈដែលសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចំរើននោះ ធនាគាររបស់ប្រទេសចិន គ្រោងនឹងបើកសាខាចំនួនពីរបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា គឺក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ។
លោក Cheng SiQing អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងរបស់ធនាគារចិន លីមីធីត ប្រចាំប្រទេសចិន បានបញ្ជាក់ឲ្យដឹងនៅ រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះថា ការសម្រេចចិត្តបើកសាខា របស់ធនាគារចិនបន្ថែមនៅខេត្តសៀមរាប និង ខេត្តព្រះសីហនុនៅពេលខាងមុននេះ គឺដោយសារខ្លួនពិនិត្យឃើញថា វិស័យធនាគារ ពិសេសសេដ្ឋកិច្ចកម្ពុជា នៅក្នុងរយៈពេល ប៉ុន្មាឆ្នាំនេះ គឺមានការរីកចម្រើនខ្លាំង ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក មានការប្រែប្រួលពិសេស គឺការចាកចេញរបស់ ចក្រភពអង់គ្លេស ពីសហភាពអ៊ឺរ៉ុប យ៉ាងណាក៏ដោយ ក៏វិស័យសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបាននូវកំណើនមួយ ដ៏ល្អប្រសើរដដែល។
លោ ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានសម្ដែងការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះថាបច្ចុប្បន្ននេះកម្ពុជា មានការវិនិយោគពីបរទេសច្រើន ពិសេសអ្នកវិនិយោគមកពីប្រទេសចិន ហើយតាមរយៈការបើកសាខាបន្ថែមនេះ ក៏ជាការរួមចំណែកដ៏មានប្រសិទ្ធិភាព ក្នុងការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានការតែរឹងមាំ និងរីកចម្រើនក្នុងនោះរួមទាំង វិស័យធនាគារផងដែរ។
លោកទេសាភិបាល បានបញ្ជាក់ឲ្យប្រតិភូធនាគារចិន បានដឹងដែរថា កក្តាដែលធ្វើឲ្យវិស័យធនាគារ នៅកម្ពុជាមានការវិវឌ្ឍរីកចម្រើន ដូចបច្ចុប្បន្ននេះ គឺអាស្រ័យដោយគោលនយោបាយ បើកជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ពិសេសទៀតនោះ គឺកក្តាសន្តិសុខ និងស្ថិរភាពខាងនយោបាយ។
ក្នុងឱកាសដ៏ពិសេសនោះផងដែរ លោក Cheng SiQing ក៏បានអញ្ជើញលោទេសាភិបាល ឲ្យទៅបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំង និងទីក្រុងហុងកុង ដើម្បីផ្លាស់ប្ដូរបទពិសោធន៏គ្នា និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យធនាគាររវាងប្រទេសទាំង២ ឲ្យបានកាន់តែល្អប្រសើរទ្វេរថែមទៀត៕