(ភ្នំពេញ)៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានរៀបចំសន្និបាតកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល»។

ពិធីបើកសន្និបាត បានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាប្រមាណ៧០០អង្គ/នាក់។

នាឱកាសនេះដែរ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ សមាគមបានកសាងកម្លាំងជា សមាជិកបានចំនួន៥០៨៤រូប អង្គភាពសារព័ត៌មាន៧៤អង្គភាព អង្គការ សមាគមជាដៃគូ២៣ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសិក្សា ជាដៃគូ២៤ស្ថាប័ន និងបានចូលរួមធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា ក្រោមការឧបត្ថម្ភរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ចំនួន៤២៧លើក។

បើតាមលោក ទូច វណ្ណៈ សមាគម IPA បានសហការជាមួយសាកលវិទ្យាល័យ ធនធានមនុស្ស និងសារព័ត៌មានត្រយង បើកវគ្គបណ្តុះបណ្តាលខ្លីស្តីពី របៀបសរសេរព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និងរបៀបរាយការណ៍ព័ត៌មាន ចំនួន២វគ្គ ដោយមានសិក្ខាកាមចូលរួមចំនួន ៩៥០អង្គ/នាក់ បានផ្តល់អាហារូបករណ៍ដល់សមាជិក សមាជិកា តាមរយៈគ្រឹះស្ថានសិក្សាដៃគូ ចំនួន៩៥នាក់ បើកវគ្គបណ្តុះបណ្តាល ជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ដល់សមាជិក សមាជិកាចំនួន៦វគ្គ ចូលរួមដាក់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅខេត្តព្រៃវែង ស្វាយរៀង និងខេត្តបន្ទាយមានជ័យ ចូលរួមកិច្ចប្រជុំនិងផ្តល់យោបល់ផ្នែកអង្គការសង្គមស៊ីវិល ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ១៣លើក។

ក្រៅពីនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងសមាជិក សមាជិការ ក៏បានចេញផ្សាយព័ត៌មានអំពីសកម្មភាព និងសមិទ្ធផល របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសិវត្ថិភាព បានចំនួន៥២, ៦៧៥ព័ត៌មាន ចេញផ្សាយព័ត៌មានអំពី លោកអភិសន្តិបណ្ឌិត ស សុខា និងក្រសួងមហាផ្ទៃ ចំនួន ២,៦៧៩ព័ត៌មាន ផលិតវីដេអូ និងរឿងអប់រំខ្លី ស្តីពីចរាចរណ៍ និងគ្រឿងញៀន ចំនួន១២ឃ្លីប និងបានរៀបចំកាតសម្គាល់ខ្លួនសមាជិក សមាជិកា ជំហានទី១ ចំនួន ៥០០កាត។ នេះបើតាមឯកឧត្តមប្រធានសមាគមដដែល។

ជាមួយគ្នានេះដែរ អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសមាគមថ្នាក់កណ្តាល ថ្នាក់រាជធានី ខេត្ត ថ្នាក់ខណ្ឌ ស្រុក ក្រុង ព្រមទាំងសមាជិក សមាជិកាទាំងអស់ ដែលក្នុងរយៈពេល១ឆ្នាំមកនេះ បានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ដោយហ៊ានលះបង់សព្វបែបយ៉ាងទាំងវេលា និងថវិកាផ្ទាល់ខ្លួន បំពេញតួនាទី ភារកិច្ច ដោយមិនខ្លាចនឿយហត់ ដើម្បីរៀបចំដំណើរសមាគម ពីសំណាក់សមាជិក សមាជិកាសមាគម និងដៃគូទាំងអស់ ដែលនេះពិតជាបានបង្ហាញពីការសាមគ្គីគ្នា សហការគ្នា វិញជាធ្លុងមួយ ដើម្បីបំពេញបេសកកម្មរបស់សមាគមសារព័ត៌មានឯករាជ្យ ឱ្យឆ្ពោះទៅសម្រេចគោលដៅ និងទស្សនវិស័យរួមគ្នា។

លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានចាត់ទុកការជួបជុំគ្នារបស់អង្គសន្និបាតនាឱកាសនេះ ថាជាវេទិកាដ៏មានសារៈសំខាន់សំរាប់ក្រុមគ្រួសារ សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យទាំងអស់ បានស្គាល់គ្នាផង ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នាផង ពិសេសបានចែករំលែកនូវទស្សនវិស័យរួម សម្រាប់អនាគត ក្នុងន័យចូលរួមចំណែកបណ្តុះបណ្តាល និងពង្រឹងប្រព័ន្ធវិស័យព័ត៌មានមួយ ដែលមានក្រមសីលធម៌មានជំនាញច្បាស់លាស់ មានវិជ្ជាជីវៈត្រឹមត្រូវ និងមានគុណតម្លៃនៃសារព័ត៌មានសម្រាប់មនុស្សទូទៅ និងសង្គមជាតិ៕