(ភ្នំពេញ)៖ អតីតមេដឹកនាំបក្សប្រឆាំងដែលជាមនុស្សធ្លាប់ធ្វើនយោបាយជាមួយលោក សម រង្ស៉ី បានមើលឃើញថា «ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ» ដែលបង្កើតឡើងដោយក្រុមលោក សម រង្ស៉ី និងលោកស្រី មូរ សុខហួរ គ្រាន់តែជាការបង្កើតព្រឹត្តិការណ៍ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ តែមិនទៅមុខនោះឡើយ ពោលវាពុះកញ្ជ្រោលមួយប្រ៉ាវ ហើយស្ងប់ស្ងាត់ទៅវិញដូចចលនាមុនៗផងដែរ។
ក្រុមប្រឆាំងនិរទេសខ្លួនឯងនៅក្រៅប្រទេសគេចពីសំណាញ់ច្បាប់របស់កម្ពុជា ដឹកនាំដោយលោក សម រង្ស៉ី ដែលគេចាត់ទុកជាជនក្បត់ប្រយោជន៍ជាតិនោះ កំពុងនាំគ្នាបង្កើតចលនានយោបាយថ្មីមួយ គឺ «ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ»។ ចលនា ដែលមានលោកស្រី មូរ សុខហួរ ជាប្រធាន ត្រូវបានគេប្រកាសពីគោលបំណងកៀរគរអ្នកប្រជាធិបតេយ្យប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
លោក សាន សាង អ្នកនយោបាយមានកំណើតជាខ្មែរកម្ពុជាក្រោម និងបានធ្វើនយោបាយជាមួយលោក សម រង្ស៉ី តាំងពីឆ្នាំ១៩៩៨មកនោះ បានមើលឃើញថា «ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ» មិនទៅមុខនោះឡើយ។
លោក សាន សាង បានគូសរំលេចថា ចាប់តាំងពីឆ្នាំ២០១៧ ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានរំលេចទៅនោះ លោក សម រង្ស៉ី និងអ្នកនយោបាយប្រឆាំង បាននាំគ្នាបង្កើតចលនាជាច្រើនដែលគេចាត់ទុកជាចលនាតស៊ូផ្នែកនយោបាយ។ ប៉ុន្តែចលនាទាំងអស់នោះ បង្កើតឡើងបានមួយចំអិនកំពិសក៏សាបរលាប និងស្ងប់ស្ងាត់ទៅវិញ គ្មានបានផ្លែផ្កាអ្វីនោះឡើយ។
«ចាប់តាំងពីឆ្នាំ២០១៧មក គាត់ [លោក សម រង្ស៉ី] បានបង្កើតចលនាច្រើនណាស់ ខ្ញុំចាំមិនអស់ទេ។ ប៉ុន្តែគ្មានចលនាណាមួយទទួលបានផ្លែផ្កានោះទេ។ រាជរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជានៅតែបន្តដំណើរ រីឯក្រុមប្រឆាំងកាន់តែស្ងប់ស្ងាត់ និងបាក់បែក»។ នេះជាការលើកឡើងរបស់លោក សាន សាង។
លោក សាន សាង អតីតមេដឹកនាំបក្សប្រឆាំងដែលមានទីលំនៅនៅសហរដ្ឋអាមេរិកដែរនោះ បានតាមដានផងដែរចំពោះការជួបជុំរបស់អតីតមេដឹកនាំបក្សប្រឆាំង មានការចូលរួមដោយលោក សម រង្ស៉ី នៅទីក្រុងឡុងប៊ិច កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។
លោក សាន សាង បានលើកឡើងថា ការជួបជុំនោះ បើធៀបនឹងចលនាមុនៗមានមនុស្សចូលរួមតិចតួចបំផុត។ លោក បានគូសបញ្ជាក់ដូច្នេះ «ចលនាថ្មីនេះ តាមមើលទៅតូចជាអាមុនផង។ ចលនាមុនៗចេញមកមនុស្សច្រើនជាងហ្នឹង ប៉ុន្តែយូរទៅក៏ស្ងាត់ទៅ។ អានេះក៏មិនខុសគ្នាដែរ ខ្ញុំគិតថា មិនយូរទេក៏ស្ងាត់ដែរ ហើយអាចមានអាថ្មីណាមួយចេញមកទៀត»។
ដោយឡែកអ្នកតាមដានសកម្មភាពក្រុមប្រឆាំងមួយចំនួនទៀត បានមើលឃើញថា ការបង្កើត «ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ» ក្រៅតែពីការបង្កើតព្រឹត្តិការណ៍ទាញការចាប់អារម្មណ៍ហើយនោះ ក៏អាចជាការបង្កើតវិធីដើម្បីរកលុយពីអ្នកគាំទ្រផងដែរ។
ជាក់ស្តែងថ្ងៃជួបជុំនោះ លោកស្រី មួរ សុខហួរ ប្រធានចលនា បានប្រកាសឱ្យអ្នកគាំទ្រខ្លួនចូលរួមថវិកាទៅក្នុងមូលនិធិគាំត្រចលនានេះចាប់ពីមួយដុល្លារឡើងទៅ៕