(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងប៉ិនប្រសប់របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចតែងតែយកចិត្តទុកដាក់ផ្តល់សេរីភាព លើជំនឿសាសនាយ៉ាងទូលំទូលាយ ដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្មសាសនិក នៃគ្រប់និកាយសាសនា ប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅទប់ស្កាត់ ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។

ការលើកឡើងរបស់លោក គួច ចំរើន ធ្វើឡើងនាល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមជាមួយបងប្អូនសាសនិកឥស្លាម ក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន របស់សាសនាឥស្លាមកម្ពុជា ខេត្តព្រះសីហនុជាលើកទី២ នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកបានគូសបញ្ជាក់ទៀតថា កម្ពុជាពិតជាមានមោទកភាព ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែការកាន់សាសនាផ្សេងគ្នានេះ គឺមិនបានធ្វើអោយមានភាពច្របូកប្របល់ ឬមានការឈ្លោះប្រកែកគ្នានោះទេ ផ្ទុយទៅវិញបែមកជាមានភាពសាមគ្គីគ្នា យ៉ាងល្អប្រសើរ។

ក្នុងឱកាសនោះ លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ បានឲ្យដឹងថា ឆ្នាំនេះគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានកំណត់ចូលបួសខែរ៉ាម៉ាឌន ថ្ងៃទី១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៥ មូហាំម៉ាត់សករាជ (ហិជ្ជរ៉ា) ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ មានរយៈពេល១ខែ។

ខែរ៉ាម៉ាឌន មានន័យអត្ថន័យធំធេងសម្រាប់ជនមូស្លីម។ រ៉ាម៉ាឌន គឺជាខែដែលអល់ឡោះជាម្ចាស់ បានបង្គាប់ឱ្យជនមូស្លីម ត្រូវបង្កើនការធ្វើអំពើកុសល ឱ្យបានកាន់តែខ្លាំងក្លាទ្វេដង ទាំងការប្រតិបត្តិថ្វាយបង្គំ ការបួសតមអាហារ និងការបរិច្ចាគទានផ្ទាល់ខ្លួន ដើម្បីជួយដល់អ្នកខ្វះខាត។

លោកបន្តថា ម៉ារ៉ាឌនជាខែនៃសេចក្តីសុខសន្តិភាព ជាខែនៃសេចក្តីស្ងប់ទាំងផ្លូវចិត្ត និងអារម្មណ៍ជាខែនៃសេចក្តីល្អ ធ្វើអំពើល្អដល់មនុស្សទូទៅ ពិសេសអ្នកទន់ខ្សោយអ្នកខ្វះខាត ជាខែនៃសេចក្តីអំណត់អត់ឱន ជាខែនៃសេចក្តីមេត្តាករុណា វាជាខែនៃសេចក្តីសប្បុរស និងបរិច្ចាគទាន ជាខែនៃការអបអរក្នុងនាមជាជនមូស្លីម ដែលប្រតិបត្តិនូវការអត់ធ្មត់ យើងធ្វើនូវអ្វីដែលអល់ឡោះជាម្ចាស់ជាពិសេសជាខែ ដែលគម្ពីរអាល់គួរអានដ៏ពិសិដ្ឋ ត្រូវបានបញ្ចុះសម្រាប់ជនមូស្លីមផងដែរ។

លោក គួច ចំរើន លើកឡើងថា ការរៀបចំកម្មវិធីនេះ ដើម្បីបង្ហាញឲ្យឃើញពីសាមគ្គីភាព ការយោគយល់គ្នា ការរស់នៅជាមួយគ្នាប្រកបដោយក្ដីមេត្តា ករុណា រវាងសហគមន៍ឥស្លាមខេត្តព្រះសីហនុ ក្រោមម្លប់នៃសន្តិភាព ហើយក៏ជាការផ្ដល់ឱកាសសម្រាប់អង្គពិធីបានជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និត ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្ម វិស័យឥស្លាមសាសនានៅកម្ពុជា សំដៅរក្សានូវសុខសន្តិភាព ស្ថិរភាព សុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី នៅក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ក្រៅពីជួបជុំសំណេះសំណាលប្រកបដោយសេចក្តីរីករាយ លោកបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈអីម៉ាំខេត្ត-ក្រុងស្រុក គណៈអីម៉ាំម៉ាស្និទហាកឹម គ្រូបង្រៀនឥស្លាម និងបងប្អូនសាសនិកឥស្លាម នៅទូទាំងខេត្តព្រះសីហនុ ដែលតែងតែចូលរួមចំណែកជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាបាននូវសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនាក្នុងមូលដ្ឋាន និងនៅទូទាំងខេត្តជាពិសេសចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើន ទៅមុខជាលំដាប់៕