(ពោធិ៍សាត់)៖ រដ្ឋបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា ថ្មីៗនេះបណ្តាញសារព័ត៌មានក្នុងហ្វេសប៊ុក ឈ្មោះថា «Tyndall Flowers និងអ្នកផ្សព្វផ្សាយមាតិកា ក្នុងប្រព័ន្ធបណ្តាញសង្គមមួយ បានផ្សព្វផ្សាយ ដោយមានខ្លឹម សារ...មហាកុដិតម្លៃជិត ២លានដុល្លារ ក៏ខ្មែរអាចចូលរួមក៏សាងបាន តែបើស្ពានមួយតម្លៃ ១០០០ដុល្លារ សម្រាប់ សិស្សឆ្លងទៅសាលា រៃអង្គាសជិត ១០ឆ្នាំហើយ រៃអត់បាន...»។ ខ្លឹមសារខាងលើនេះ បរិយាយក្នុងសកម្មភាពវីដេអូ ដែលក្មេងៗ សិស្សសាលាកំពុងឆ្លងទូកទៅសាលារៀន ស្ថិតក្នុងភូមិតាដេះ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

រដ្ឋបាលស្រុកភ្នំក្រវាញបញ្ជាក់ថា នៅមុនខែកញ្ញា ឆ្នាំ២០២៣ នៅភូមិតាដេះនេះ មានស្ពានយោលមួយប្រវែង ១៣៥ម៉ែត្រ ដែលកសាងក្រោមការជួយឧបត្ថម្ភ ពីសំណាក់អាជ្ញាធរដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ដើម្បីឲ្យបងប្អូនពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស ធ្វើដំណើរឆ្លងកាត់ស្ទឹងពោធិ៍សាត់ (ស្ទឹងធំ)។

លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ បានកើនឡើងជាគំហុក ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រងការខូចខាត ក្នុងនោះក៏បណ្តាលឱ្យស្ពានយោលតាផេះនេះ ដួលរលំខូចខាតទាំងស្រុង រាំងស្ទះការធ្វើចរាចរណ៍ទៅ មករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

បន្ទាប់ពីហេតុការណ៍នេះភ្លាម អភិបាលខេត្តពោធិ៍សាត់ ក្រុមការងារចុះមូលដ្ឋាន និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបានផ្តល់ទូកស្មាច់ កាណូត អាវពោង និងថវិកាហើយ ដែលរដ្ឋបាលស្រុកភ្នំក្រវាញ និងឃុំសំរោង បាននាំយកទៅជូនថ្នាក់ដឹកនាំភូមិ និងលោកគ្រូអ្នកគ្រូ ដើម្បីដោះស្រាយចម្លងបងប្អូនពលរដ្ឋ និងសិស្សានុសិស្សបណ្តោះអាសន្ន។

ចំពោះប្រជាពលរដ្ឋ ត្រូវធ្វើដំណើរមកទីរួមស្រុក នៅតែអាចធ្វើដំណើរបានដោយឆ្លងកាត់ទំនប់ដំណាក់សុក្រម ស្ថិតក្នុងភូមិព្រែក២ ឬឆ្លងកាត់ស្ពានអូរព្រាល ក្នុងភូមិអូរព្រាល ឃុំសំរោងបានជាធម្មតា។ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារចុះមូលដ្ឋាន នៅតែបន្តជួយដោះស្រាយ ការលំបាកបងប្អូនយើង ដោយបានអោយធ្វើទូកចម្លងធំមានសុវត្ថិភាព និងផ្តល់អាវពោងបន្ថែម។ ករណីដាច់ស្ពានតាដេះនេះ បើគិតមកដល់ពេលនេះមានរយៈពេល៦ខែ មិនដូចការផ្សាយព័ត៌មានដែល លើកឡើងថារៃអង្គាសជិត ១០ឆ្នាំហើយ រៃអត់បាននោះទេ៕