(ភ្នំពេញ)៖ ការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលថ្លែងថា កម្ពុជាត្រៀមឯកសារចុះបញ្ជី «សង្ក្រាន្តនៅកម្ពុជា» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅឆ្នាំក្រោយ គឺជាការបញ្ចប់ការភាន់ច្រឡំ ករណីបំភ្លៃថា កម្ពុជាមិនអាចប្រើពាក្យសង្ក្រាន្តទៀតបាន។ នេះបើតាមលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២៤។

ទន្ទឹមនឹងការប្រកាសដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា កម្ពុជាត្រៀមចុះសម្បត្តិវប្បធម៌អរូបី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ចំនួន ៧ទៀត ជាបន្តបន្ទាប់។

បើតាមលោកបណ្ឌិត យង់ ពៅ សង្ក្រាន្ត គឺជាមរតកវប្បធម៌ខ្មែរ រាប់ពាន់ឆ្នាំមកហើយ មិនអាចនរណាយកបានទេ ព្រោះជារបស់យើងយូរមកហើយ ចង់ប្រទេសជិតខាង គេដាក់សង្ក្រាន្តយ៉ាងណា​ ជារឿងរបស់គេ គេធ្វើសង្ក្រាន្តរបៀបគេ ព្រោះវប្បធម៌ វាឆ្លងគ្នាទៅវិញទៅមកសូម្បីតែពេលវេលាថ្ងៃចូលឆ្នាំ ក៏ជាមួយគ្នាដែរ។ ឯខ្មែរ មានសង្ក្រាន្តរបស់របៀបខ្មែរ។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក្យសង្ក្រាន្ត មានចារទុកនៅជញ្ជាំងប្រាសាទកា១៧ (K17) សូមផ្ទៀងផ្ទាត់ឡើងវិញ។ ការប្រកាសរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅព្រឹកនេះ ជាការបញ្ចប់ការភាន់ច្រឡំ ដែលតែងតែបំភ្លៃលើតាមបណ្តាញសង្គម។ សូមអ្នកអត្ថាធិប្បាយល្បីៗ មុននឹងបកស្រាយ ត្រូវប្រយ័ត្នប្រយែង»។

ជាមួយគ្នានេះដែរ លោកបណ្ឌិត យល់ថា អាជ្ញាធរមានសមត្ថកិច្ច ដូចជា ក្រសួងអប់រំ ក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន គួរពន្យល់បន្ថែមទៀត ឱ្យពលរដ្ឋបានយល់ ជាពិសេសគួរធ្វើព័ត៌មាន និងវីដេអូ មិនមែនតែសង្ក្រាន្តទេ តែសម្បត្តិវប្បធម៌ផ្សេងទៀត។ លោកបន្តថា កន្លងមកឃើញការពន្យល់ដែរ តែបើមិនបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ គាត់នឹងនៅតែភាន់ច្រឡំ។

ស្របពេលជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ជំរុញអាជ្ញាធរតាមដានដី ត្រូវរៀបចំសង្ក្រាន្តឱ្យបានល្អ តាមរបៀបខ្មែរយើង តាមរបៀបវប្បធម៌យើង។ នេះជាមូលហេតុ ថ្មីៗនេះ លោកចេញប្រតិកម្ម ការលេងបាញ់ទឹក តាមបែបវប្បធម៌ថៃ»។

«យើងលេងសង្ក្រាន្ត ដោយប្រោះព្រំទឹក តែថៃគេលេងបាញ់ទឹកដោយប្រើកាំភ្លើង។ អាហ្នឹង យើងចម្លងគេទាំងស្រុង»។ នេះបើតាមលោកបណ្ឌិត។

រហូតមកដល់ពេលនេះ មានសម្បត្តិវប្បធម៌ខ្មែរចំនួន១០ហើយ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះមាន៤ ជាបេតិកភណ្ឌរូបី និង៦ទៀត ជាបញ្ជីបេតិកភណ្ឌអរូបី។ បេតិកភណ្ឌរូបី មានដូចជា ឧទ្យានបុរាណវិទ្យាអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសម្បូរព្រៃគុហ៍ និងប្រាសាទកោះកេរជាដើម។ ដោយឡែកបេតិកភណ្ឌអរូបី មានដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត និងក្បាច់គុនល្បុក្កតោផងដែរ។

លោក ស៊ុំ ម៉ាប់ ប្រធានក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News បង្ហាញពីនីតិវិធីសង្ខេប នៃការចុះបញ្ជីបេតិកភណ្ឌអរូបី រួមមាន៖

* UNESCO គឺជាឆត្រ
* ការចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ ស្ថិតក្រោមការគ្រប់គ្រង Division for Culture Expression and Heritage មានប្រទេស ២៤ ជាសមាជិក។
* ស្ថាប័នពិគ្រោះយោបល់ក្នុងការចុះបញ្ជី (Evaluation body)
* ការស្នើសុំចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ មានពីរទម្រង់គឺ
១៖ សម្រាប់ «សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវសង្គ្រោះបន្ទាន់» (U) មាន៥ Criteria និង
២៖ សម្រាប់ «សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីតំណាង» (R) មាន ៥ Criteria
* បេតិកភណ្ឌអរូបីទាំងឡាយណា ដែលអាចចុះបញ្ជីបាន ត្រូវបំពេញឱ្យបានគ្រប់ Criteria ទាំង៥ នៃ U ឬ R និងមានការបោះឆ្នោតគាំទ្រយ៉ាងតិច ២/៣ នៃសមាជិកគណកម្មាធិការ ពោលគឺ ១៦/២៤។
* បេតិកភណ្ឌអរូបី ពុំមានកំណត់បញ្ជីបម្រុងឱ្យជាក់លាក់នោះទេ អាចប្រែប្រួលតាមតម្រូវការចាំបាច់របស់សាមីប្រទេស។ ភាគច្រើន ប្រទេសនីមួយៗរមែងមានការលាក់លៀមមិនប្រកាសឱ្យដឹងមុននោះឡើយ ព្រោះអាចបង្កឱ្យមានភាពចម្រូងចម្រាសច្រើន។ គ្រប់រដ្ឋភាគីត្រូវបញ្ជូនឯកសារសូមចុះបញ្ជីទៅគណៈកម្មាធិការបេតិកភណ្ឌអរូបីឱ្យបាននៅដំណាច់ខែមីនា (៣១មីនា) នៃឆ្នាំនីមួយៗដែលស្នើសុំ ។
* នៅក្នុងកិច្ចប្រជុំដែលប្រព្រឹត្តទៅ ជាទូទៅនៅចុងឆ្នាំនីមួយៗ (វិច្ឆិកា ឬធ្នូ) នៃឆ្នាំទី២ បន្ទាប់ពីការបញ្ជូនឯកសារជាផ្លូវការ Evaluation body នឹងពិនិត្យសម្រេចលើសំណើសុំចុះបញ្ជី ដោយអាចមានលទ្ធផល៤  Inscription (I)- Refer (R)- Defer (D)- Non Inscription (NI) ។
 ចំពោះ កាតព្វកិច្ចបន្ទាប់ពីការចុះបញ្ជី គឺបន្ទាប់ពីចុះបញ្ជីជាស្ថាពរ រដ្ឋភាគីត្រូវអនុវត្តតាមអនុសាសន៍នានាជាយថាហេតុរបស់គណៈកម្មាធិការបេតិកភណ្ឌអរូបីនៃមនុស្សជាតិ និងត្រូវបញ្ជូនរបាយការណ៍ស្តីពីវឌ្ឍនភាពនៃកិច្ចការអភិរក្សទៅគណៈកម្មាធិការនេះជារៀងរាល់ ៤ឆ្នាំម្តង។

 បើតាមប្រធានក្រុមអ្នកនាំពាក្យ បេតិកភណ្ឌអរូបី ដែលបានចុះបញ្ជីរួច និងត្រៀមចុះបញ្ជី របស់កម្ពុជា រួមមាន៖

* បានចុះបញ្ជីរួច មានចំនួន ៦ គឺ៖

១៖ របាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីតំណាងនៃមនុស្សជាតិ (ឆ្នាំ២០០៣ នៅអ៊ីស្តន់ប៊ូល ប្រទេសតួកគី)
២៖ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីតំណាងនៃមនុស្សជាតិ (ឆ្នាំ២០០៥ នៅប៉ារីស ប្រទេសបារាំង)
៣៖ ល្បែងទាញព្រ័ត្រ ចុះក្នុងបញ្ជីតំណាងនៃមនុស្សជាតិ (ឆ្នាំ២០១៥ នៅវិនឌុក ប្រទេសណាមីប៊ី)
៤៖ ចាប៉ីដងវែង ចុះក្នុងបញ្ជីត្រូវការពារសង្គ្រោះបន្ទាន់ (ឆ្នាំ២០១៦ នៅអាឌីសអាបាបា ប្រទេសអេត្យូពី)
៥៖ ល្ខោនខោលវត្តស្វាយអណ្តែត ចុះក្នុងបញ្ជីត្រូវការពារសង្គ្រោះបន្ទាន់ (ឆ្នាំ២០១៨ នៅព័រល្វី សាធារណរដ្ឋម៉ូរីស)
៦៖ គុនល្បុក្កតោ ចុះក្នុងបញ្ជីតំណាងនៃមនុស្សជាតិ (ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក)។

* ឯកសារដែលត្រៀមចុះបញ្ជីនាពេលខាងមុខ៖

១៖ ក្រមា ដែលយើងបានដាក់ឯកសារបច្ចេកទេសរួច ហើយអាចត្រូវបានយកមកពិនិត្យចុះបញ្ជី នៅក្នុងឆ្នាំ២០២៤។

២៖ អាពាហ៍ពិពាហ៍ខ្មែរ (ក្នុងនោះក៏មានបង្ហាញអំពីសម្លៀកបំពាក់ប្រពៃណីក្នុងពិធីមង្គលការ) ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារចុះបញ្ជី ដែលយើងសង្ឃឹមថាអាចបញ្ជូនទៅយូណេស្កូនៅចុងខែមីនា ឆ្នាំ២០២៤នេះ ហើយបើពុំមានបញ្ហាបច្ចេកទេសណាមួយ នឹងត្រូវយកទៅសម្រេចការពិនិត្យចុះបញ្ជីនៅចុងឆ្នាំ២០២៥។
៣៖ សង្រ្កាន្តនៅកម្ពុជា ក្នុងករណីចាំបាច់ យើងអាចរៀបចំឯកសារស្នើសុំចុះបញ្ជីឱ្យរួចរាល់នៅខែមីនា ឆ្នាំ២០២៥ ហើយការពិនិត្យចុះបញ្ជីអាចនឹងនៅចុងឆ្នាំ២០២៦។

សូមជម្រាបថា ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្រោយមានករណីលើកឡើងលើបណ្តាញសង្គមថា ប្រទេសថៃ បានចុះពាក្យ «សង្ក្រាន្តនៅថៃ» ធ្វើឱ្យកម្ពុជា មិនអាចប្រើប្រាស់ពាក្យនេះបានទៀតទេ។ បន្ថែមលើនេះ ខេត្តខ្លះដូចជាស្វាយរៀង បានសម្រេចមិនធ្វើសង្ក្រាន្ត តែរៀបចំជាការប្រគំតន្ត្រីទៅវិញ។

ស្របពេលជាមួយគ្នានេះ ក៏មានការបំភ្លៃថា ថៃបានលួចពាក្យ «សង្ក្រាន្ត» នេះពីកម្ពុជា ខណៈកម្ពុជាមានពាក្យ «សង្ក្រាន្ត» ឆ្លាក់នៅជញ្ជាំងប្រាសាទ។ ផ្ទុយទៅវិញ ការណ៍ពិតពាក្យ «សង្រ្កាន្ត» ជាពាក្យសំស្រឹ្កត មានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ។ ពិធីនេះ បានក្លាយជាប្រពៃណីទំនៀមទំលាប់ ដែលបានប្រារព្ធរៀបចំដោយប្រទេសមួយចំនួន ដូចជា កម្ពុជា ឡាវ ថៃ ភូមា និងចិន ជាដើម។ ដូច្នេះសង្រ្កាន្តមកទល់បច្ចុប្បន្ន បានក្លាយជាប្រពៃណីទំនៀមទម្លាប់ របស់ប្រជាជាតិមួយចំនួន នៅអាស៊ីអាគ្នេយ៍រួចទៅហើយ និងបានក្លាយជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ។

មានន័យថា ករណីដែលថៃ ចុះពាក្យ «សង្ក្រាន្តនៅថៃ» តែឯង នឹងមិនប៉ះពាល់ដល់ការចុះបញ្ជីសង្រ្កាន្តរបស់កម្ពុជា ឬប្រទេសផ្សេងទៀត នាពេលខាងមុខនោះទេ។ ម្យ៉ាងទៀត សម្បត្តិបេតិកភណ្ឌអរូបី គឺនៅជាប់នឹងមនុស្ស ព្រោះចំណេះដឹង និងទំនៀមទម្លាប់ ឬការអនុវត្តរបស់ប្រជាជនពីយូរលង់រៀងមក មិនមែនស្ថិតក្នុងព្រំដែនបច្ចុប្បន្ន នៃប្រទេសនីមួយៗក្នុងសតវត្សទី២០-២១ នេះទេ គឺវាឆ្លងចុះ ឆ្លងឡើង ចំណេះខ្លះនៅអាចរក្សា អត្តសញ្ញាណពិសេសរបស់ខ្លួនបាន ខ្លះទៀតក្លាយ ឬប្រែរូបភាពទៅតាមបរិបទដែលខ្លួនកំពុងស្ថិតនៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការពារសម្បត្តិវប្បធម៌ ជារឿងធំណាស់សម្រាប់រាជរដ្ឋាភិបាល រាប់អាណត្តិមកហើយ។ កម្ពុជាមិនឱ្យបាត់ពិធីចូលឆ្នាំនោះទេ ហើយឆ្នាំនេះការរៀបចំសង្ក្រាន្តឆ្នាំថ្មី ឱ្យកាន់តែសប្បាយនៅតាមខេត្តនានា៕