(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានទទួលជួបជាមួយ អតីតរដ្ឋមន្រ្តី ក្រសួងទេសចរណ៍ចិន លោក WU WENXIE និងលោក WANG ZHENGHU ប្រធានក្រុមហ៊ុនអាកាសចរណ៍ Spring Group ដើម្បីពិភាក្សាការងារ និងពិនិត្យលទ្ធផលពង្រីកការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។
គម្រោងវិនិយោគទាំងនោះ ត្រូវបានភាគីក្រុមហ៊ុន Spring Group លើកឡើងថា មាន ការពង្រីកសាខាក្រុមហ៊ុនអាកាសចរណ៍, ការវិនិយោគរមណីយដ្ឋានទេសចរណ៍លំដាប់ប្រណិត នៅតំបន់ឆ្នេរសមុទ្រកម្ពុជា, ការវិនិយោគលើវិស័យដឹកជញ្ជូន វិស័យអចលនទ្រព្យជាដើម។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី ថោង ខុន បានទទួលស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគដ៏មានសារសំខាន់ទាំងនេះ ពិសេសលោកបានបញ្ជាក់ជូនភាគីក្រុមហ៊ុនថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងទទួលភ្ញៀវទេសចរចិន តាមរយៈការរៀបចំយុទ្ធសាស្រ្តទីផ្សារទាក់ទាញភ្ញៀវទេសចរចិន, សៀវភៅសស្ដីពី China Ready សម្រាប់ឧស្សាហកម្មទេសចរណ៍, ការបណ្ដុះបណ្ដាលមគ្គុទេសក៍ទេសចរណ៍និយាយភាសាចិន, ការរៀបចំប្រព័ន្ធវាយតម្លៃបញ្ជាក់កម្រិតសេវាទេសចរណ៍ សម្រាប់ទីផ្សារទេសចរចិនជាដើម។
លោករដ្ឋមន្រ្តីក៏បានជំរុញឱ្យក្រុមហ៊ុន Spring Group បង្កើតនូវផលិតផលទេសចរណ៍ថ្មីៗប្រណិតៗ នៅតាមតំបន់សក្ដានុពលទេសចរណ៍ ជាពិសេសតំបន់សៀមរាបអង្គរ រាជធានីភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែសម្បូរបែប និងទាក់ទាញថែមទៀត។
សូមជម្រាបថា ក្រុមហ៊ុន Spring Group ជាក្រុមហ៊ុនវិនិយោគដ៏ធំរបស់ចិន មានស្នាក់ការនៅទីក្រុងស៊ាងហៃ ដែលមានក្រុមហ៊ុន ទេសចរណ៍ និងអាកាសចរណ៍ផ្ទាល់ខ្លួន។ បច្ចុប្បន្ន ក្រុមហ៊ុននេះ បានបើកជើងហោះហើរទៅកាន់គោលដៅ ចំនួន៣៤គោលដៅ ក្នុងនោះមានមកកម្ពុជា ចំនួន២គោលដៅ គឺពីទីក្រុង Shanghia ទីក្រុង Guangzhou និងទីក្រុង Shenzhen មកដល់រាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយនៅពេលអនាគត ក្រុមហ៊ុនេះក៏មានគម្រោងតភ្ជាប់ជើងហោះហើរពីចិនមកខេត្តព្រះសីហនុផងដែរ។
ជំហានដ៏សំខាន់ទាំងនេះ គឺជាការរួមចំណែកជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសដើម្បីស្រូបយកទេសចរចិន មកទស្សនាកម្ពុជាកាន់តែច្រើន ដើម្បីសម្រេចចក្ខុវិស័យកម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនយ៉ាងតិច ២លាននាក់ នៅឆ្នាំ២០២០៕