(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកម្មវិធីស្រាយបួសខែរ៉ាម៉ាឌន នៅខេត្តយ៉ាឡា ប្រទេសថៃ ក្រោយមានការ អញ្ជើញពីសំណាក់លោក Wan Muhamadnoor Matha ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្នុងអំឡុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌនលើកទី៨ នៅរាជធានីភ្នំពេញ។

កម្មវិធីស្រាយបួសខាងលើនេះ មានការជួបជុំបងប្អូនសាសនិកឥស្លាមថៃ នៃភាគខាងត្បូងប្រទេសថៃ  និងថ្នាក់ដឹកនាំឥស្លាមថៃចូលរួមប្រមាណជាង ២០០០នាក់ ដែលរៀបចំដោយប្រធានរដ្ឋសភាផ្ទាល់។

ថ្លែងនាឱកាសនោះ លោក Wan Muhamadnoor Matha ប្រធានរដ្ឋសភាថៃ បានថ្លែងអំណរអរគុណដល់បងប្អូនសាសនិកឥស្លាមថៃ និងថ្នាក់ដឹកនាំឥស្លាមថៃ ដែលបានអញ្ជើញចូលរួមកម្មវិធីស្រាយបួសនាពេលនេះ ជាពិសេសទៀតនោះ គឺបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន គណៈប្រតិភូកម្ពុជា ព្រមទាំងបានថ្លែងអំណរអរគុណដល់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកម្មវិធីនេះផងដែរ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមពិធីស្រាយបួសនាពេលនេះ និងបានថ្លែងពីស្ថានការណ៍នៅកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ប្រជាជនត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយមិនមានការរើសអើងពូជសាសន៍ឡើយ។ 

ជាក់ស្តែង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើក៨ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានមានភ្ញៀវកិត្តិយសចូលរួម ដូចជាលោក Wan Mohammd Noor MATHA ប្រធានរដ្ឋសភាថៃ ឯកឧត្ដម បណ្ឌិត Agung Laksono អតីតប្រធានរដ្ឋសភាសាធារណរដ្ឋឥណ្ឌូណេស៊ី អនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិក (CAPDI) ថ្នាក់ដឹកនាំឥស្លាមមកបណ្តាប្រទេសផ្សេងៗជាច្រើនរូបទៀត និងមានប្រជាពលរដ្ឋជាង៦២០០នាក់ ដោយក្នុងនោះមាន៣៩ជាតិសាសន៍ ខណៈពិធីនេះត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ។

ទន្ទឹមគ្នានេះ ប្រធានរដ្ឋសភាថៃ ព្រមទាំងបណ្តាថ្នាក់ដឹកនាំកំពូលៗ ឥស្លាមថៃ បានកោតសរសើរពីគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយ សុខដុមរមនា គ្មានការរើសអើង និងជម្លោះសាសនាឡើយ។

គួរបញ្ជាក់ថា កម្មវិធីស្រាយបួសខាងលើមានគោលបំណងអបអរសាទរនៃខែរ៉ាម៉ាឌន ដែលជាខែពិសិទ្ធក្នុងសាសនាឥស្លាម ព្រមទាំងពង្រឹងសាមគ្គីភាព មិត្តភាព ភាតរភាព រវាងថ្នាក់ដឹកនាំឥស្លាមថៃ និងប្រជាពលរដ្ឋឥស្លាមថៃនៅភាគខាងត្បូង ផងដែរ។

ក្រោយចប់កម្មវិធីស្រាយបួសខាងលើ ប្រធានរដ្ឋសភា ក៏បានអញ្ជើញលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ព្រមទាំងគណៈប្រតិភូកម្ពុជា អញ្ជើញពិសារអាហារបួស (Sahur)  នៅវេលាម៉ោង៣ទៀបភ្លឺ នៅគេហដ្ឋានផ្ទាល់របស់លោកផងដែរ៕