(ព្រះវិហារ)៖ យ៉ាងហោចណាស់ដំបូលផ្ទះ របស់ប្រជាពលរដ្ឋចំនួន១០ខ្នង និងបង្គោលភ្លើងបណ្តាញខ្សែកាប្លិ៍អគ្គិសនីចំនួន ២ដើម ត្រូវបានរងការខូចខាតដោយបាតុភូតខ្យល់កន្ត្រាក់ លាយឡំនឹងភ្លៀងមួយមេ នៅវេលាម៉ោង៤៖៣៥នាទី រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចកែងស្រមោច ភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងរបាយការណ៍របស់រដ្ឋបាលស្រុកជាំក្សាន្តថា មុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់ បណ្តាលឲ្យរបើកដំបូលផ្ទះ របស់ប្រជាពលរដ្ឋចំនួន១០ខ្នង ព្រមទាំងបាក់រលំបង្គូលភ្លើងបណ្ដាញខ្សែកាប្លិ៍អគ្គិសនីចំនួន ០២ដើម ខូចខាតទាំងស្រុង។

របាយការណ៍បានបញ្ជាក់ទៀតថា ករណីហេតុការណ៍ខ្យល់កន្ត្រាក់នេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ ស្លាប់បាត់បង់ជីវិត ឬរងរបួស ដល់អាយុជិតមនុស្ស និងសត្វនោះទេ៕