(ភ្នំពេញ)៖ លោក នង វាសនា តំណាងរាស្រ្តមណ្ឌលកំពង់ធំ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបញ្ជូនកូនចៅឱ្យចូលសិក្សាឱ្យបានគ្រប់ៗ ព្រោះកត្តាសន្តិភាព និងការអភវឌ្ឍបាននាំយកសាលារៀន និងការអប់រំមកដល់មូលដ្ឋានផ្ទាល់។

ការអំពាវនាវរបស់អ្នកតំណាងរាស្ត្ររូបនេះធ្វើឡើក្នុងឱកាសលោក រួមទាំងក្រុមការងារ និងសមាជិក សមាជិការ ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ចូលរួមអធិបតីភាព ក្នុងពិធីសម្ភោធសមិទ្ធផលនានា នៅវត្តវាលព្រីង ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ពិធីនេះមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ យាយជីតាជី សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ និងចំណុះជើងវត្ត ប្រមាណ ៣០០នាក់។

ក្នុងឱកាសនោះ លោក នង វាសនា ក៏បានកោតសរសើរ និងថ្លែងអំណរគុណជាពិសេសដល់ព្រះសង្ឃគ្រប់ព្រះអង្គដែលគង់នៅវត្តវាលព្រីង និងវត្តក្រាំងដើម ដែលបានចំណាយធនធាន និងពេលវេលារបស់ព្រះអង្គឆ្លៀតបង្ហាត់បង្រៀនជំនាញកុំព្យួទ័រដល់សិស្សានុសិស្សជាច្រើនរូប នៅក្នុងឃុំងន ស្រុកសណ្តាន់ទាំងមូល។

ក្នុងនាមក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ លោកក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ដល់បងប្អូនប្រជាពលរដ្ឋ នៅស្រុកសណ្តាន់ទាំងមូល ដែលតែងតែជឿជាក់ និងគាំទ្រយ៉ាងមុតមាំ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទាំង ៧អាណត្តិកន្លងមក។

នៅក្នុងឱកាសនោះ លោក នង វាសនា រួមទាំងលោក ប៉ែន វណ្ឌរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងក្រុមការងារបានចូលរួមប្រគេនទេយ្យទាន បច្ច័យកសាងមួយចំនួនដល់អង្គពិធី និងប្រគល់សំលៀកបំពាក់ចំនួន ១៣៨ឈុតដល់ប្រជាការពារ និងស៉ីម៉ង់ ២០តោនសំរាប់ចូលរួមកសាង សាលាពុទ្ធិកនៅវត្តក្រាំងដើមផងដែរ៕