(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរៀបចំដីប្រវែង៤គីឡូម៉ែត្រនៅផ្លូវអន្ទង់អាំងនៃតំបន់ភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ទុកជាកន្លែងអភិរក្សព្រៃឈើសម្រាប់ទេសចរណ៍គយគន់ទស្សនា ព្រមទាំងបានណែនាំឱ្យក្រសួងបរិស្ថានចុះពិនិត្យគម្រោងវិនិយោគចាប់ពី១០ហិកតាឡើងទៅ ដើម្បីធានាការអនុវត្តតាមកិច្ចសន្យា ប្រសិនបើធ្វើខុសសន្យាហើយប៉ះពាល់ធនធានធម្មជាតិធ្ងន់ធ្ងរ ត្រូវដកហូតមកវិញជាបន្ទាន់។

ការណែនាំនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីអញ្ជើញសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា នៅកន្លែងផ្លូវអន្ទង់អាំង ស្រុកវាលវែង សម្ដេចសូមឱ្យពិនិត្យមើលដីប្រវែងដី៤គីឡូម៉ែត្រគត់ (ដោយវាស់ត្រង់) រក្សាឱ្យបានល្អ ទុកជាកន្លែងអភិរក្សព្រៃឈើសម្រាប់ទេសចរណ៍គយគន់ទស្សនា។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមឱ្យពិនិត្រឡើងវិញ ដើម្បីកែសម្រួល អភិវឌ្ឍកម្រិតណាក្នុងប្រវែងដី៤គីឡូម៉ែត្រ ហើយសងខាងត្រូវទុកជាតំបន់អភិរក្សធម្មជាតិសម្រាប់ប្រជាពលរដ្ឋ និងទេសចរមកក្នុងស្រុកនិងក្រៅស្រុករាប់លាននាក់នៅតំបន់ភ្នំ១៥០០នេះ»

សម្ដេចធិបតីក៏បានណែនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យ ធ្វើបច្ចុប្បន្នភាព និងធ្វើការងារជាក់ស្ដែងផ្សេងទៀត ពិសេសអាជ្ញាបណ្ណវិនិយោគអភិវឌ្ឍន៍ ដើម្បីបញ្ចៀសការប៉ះពាល់នៅទីនោះ។ សម្ដេចធិបតីបានបន្តថា ប្រសិនបើចង់វិនិយោគទេសចរណ៍ សូមអនុញ្ញាតឱ្យធ្វើនៅកន្លែងផ្សេងៗ ឬសូមធ្វើនៅហួសពីទីនោះ។

គួរចាប់អារម្មណ៍ថា សម្ដេចធិបតីបានប្រគល់ភារកិច្ចនេះជូនលោក កែវ រតនៈ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ សហការជាមួយអាជ្ញាធរខេត្ត រួមគ្នាបំពេញកិច្ចការងារនេះ។ ត្រូវដោះស្រាយឱ្យមានយុត្តិធម៌ទាំងសងខាង ត្រូវគិតគូរដល់ផលប្រយោជន៍រួម ដើម្បីភាពយូរអង្វែងនៃតំបន់ភ្នំ១៥០០នោះ មានព្រៃឈើទាំងសងខាងក្នុងប្រវែង៤គីឡូម៉ែត្រនោះ។

ក្នុងន័យនេះ សម្ដេចធិបតីមិនជំទាស់ទេនឹងគោលគំនិតវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍ តែមិនត្រូវប៉ះពាល់ដល់ធម្មជាតិនោះទេ។ ចំពោះសម្ដេចធិបតី គឺចង់ឱ្យសហគមន៍ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ផង និងថែរក្សាបាននូវព្រៃឈើធនធានធម្មជាតិបានផង។ ការវិនិយោគខ្នាតតូចនេះ គឺដើម្បីថែរក្សាព្រៃឈើ សត្វព្រៃ និងផ្ដល់ប្រាក់ចំណូលដល់ប្រជាសហគមន៍ ដូច្នេះកិច្ចការនេះសម្ដេចបានបង្ហាញការគាំទ្រ ប៉ុន្តែក៏ត្រូវមានការត្រួតពិនិត្យពីមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

សម្ដេចបានចេញបទបញ្ជាដល់ក្រសួងបរិស្ថានផ្អាកចេញអាជ្ញាបណ្ណថ្មីតាំងពីដើមអាណត្តិទី៧មក។ អាជ្ញាបណ្ណដែលមានស្រាប់ ប្រជាពលរដ្ឋដែលបានអាជ្ញាបណ្ណស្រាប់ នៅបន្តធ្វើទៀតចុះ តែសូមឱ្យក្រសួងបរិស្ថានរៀបបចំក្រុមការងារចុះពិនិត្យមើកជាក់ស្ដែង សហការជាមួយអាជ្ញធរមូលដ្ឋាន។ ចំពោះគម្រោងដែលបានអនុវត្តហើយ ហើយស្របតាមគោលការណ៍ ធានាតាមបទដ្ឋាន ធ្វើតាមកិច្ចសន្យាដែលបានចុះជាមួយក្រសួង គឺអនុញ្ញាតឱ្យបន្ត និងលើកទឹកចិត្តឱ្យធ្វើ ប៉ុន្តែចំពោះគម្រោងវិនិយោគណាដែលបានអនុវត្តហើយមិនត្រូវតាមគោលការណ៍ ប្រសិនបើមានការខុសឆ្គង ត្រូវដកអាជ្ញាបណ្ណមកវិញ។ សម្ដេចថា បើខុសបន្តិចបន្តួច អាចការតម្រូវបាន តែបើខុសធ្ងន់ធ្ងរពីគោការណ៍ ដូចជាការប៉ះពាល់ដល់ធម្មជាតិ គឺត្រូវដកអាជ្ញាបណ្ណមកវិញ

ចំពោះអ្នកផ្ដល់អាជ្ញាបណ្ណហើយ មិនទាន់អនុវត្ត យើងទុកពេលឱ្យ៦ខែគិតចាប់ពីថ្ងៃចេញគោលការណ៍ណែនាំ ត្រូវនឹងថ្ងៃប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ហើយដែលក្រសួងបរិស្ថាបានចេញគោលការណ៍ណែនាំភ្លាម។ ដូច្នេះរយៈពេល៦ខែចាប់ពីថ្ងៃទី១៥នោះ អ្នកវិនិយោគដែលទទួលអាជ្ញាបណ្ណសូមអនុវត្តកិច្ចការរបស់ខ្លួនចុះ តែត្រូវគោរពតាមបទដ្ឋាន កិច្ចសន្យាដែលបានធ្វើជាមួយក្រសួង។

សម្ដេចធិបតីបញ្ជាក់ហើយថា ការធ្វើបែបនេះ គឺដើម្បីឱ្យបានយុត្តិធម៌ទាំងសងខាង ពោលទាំងអ្នកវិនិយោគ។ ការវិនិយោកខ្នាតតូចនេះ គឺផ្សារភ្ជាប់រវាងផលប្រយោជន៍សេដ្ឋកិច្ច សហគមន៍ និងផលប្រយោជន៍បរិស្ថាន បានន័យថា ប្រសិនបើអភិរក្សបានល្អ អភិវឌ្ឍកាន់តែទាក់ទាញ ភ្ញៀវទេសចរចូលទៅលេងកាន់តែច្រើន ចំណូលក៏កាន់តែច្រើនដែរ៕