(ពោធិ៍សាត់)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បានព្រមានខ្លាំងៗ រហូតឈានដល់ការដកហូតតំណែងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណា ប្រសិនបើរកឃើញមានការជាប់ពាក់ព័ន្ធជាមួយសកម្មភាពទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នៅតាមមូលដ្ឋាននានា។

ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ក៏មិនខុសពីនីតិកាលចាស់នោះទេ ពោលនៅតែបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់ ក្នុងការទៅទន្ទ្រានដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិបែបនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ទៅលើអ្នកបំពាន សូមឲ្យមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឲ្យមានការពាក់ព័ន្ធទៅលើកិច្ចការងារនេះ ព្រោះត្រូវប្រឈមជាមួយវិធានការអនុវត្តច្បាប់ ហើយអាចឈានទៅដល់ការបញ្ចប់តួនាទី ឬការដកក្របខ័ណ្ឌចេញ ប្រសិនមានការប្រព្រឹត្តធ្ងន់ធ្ងរដោយមិនលើកលែង។ សូមរួមគ្នាថែរក្សា និងអនុវត្តច្បាប់យ៉ាងបានម៉ឺងម៉ា​ត់ចំពោះអ្នកប្រព្រឹត្តខុសអត់លើកលែងទេ»

បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ការទទួលខុសត្រូវ លើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ គឺត្រូវធ្វើតាមឋានានុក្រម ហើយការទទួលខុសត្រូវក៏ធ្វើតាមឋានានុក្រមដូចគ្នាដែរ ព្រោះសិទ្ធិអំណាចថ្នាក់ជាតិ បានប្រគល់ជូនថ្នាក់ក្រោមជាតិរួចរាល់ហើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ គណៈអភិបាលក្រុង ស្រុក គឺជាមេទ័ពជួរមុខដ៏សំខាន់ក្នុងការទប់ស្កាត់។ កន្លងមកសម្ដេចមើលឃើញថា រាល់ប្រតិបត្តិការបង្ក្រាប គឺសុទ្ធតែកម្លាំងមកពីថ្នាក់ជាតិ ដែលជាក់ស្ដែងសប្ដាហ៍កន្លងទៅនេះ សម្ដេចទើបបញ្ជាឲ្យ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីដឹកនាំកម្លាំងធ្វើសកម្មភាព។

ប៉ុន្ដែត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការថ្មី ដោយប្រគល់ការទទួលខុសត្រូវលើការងារបង្ការ ទប់ស្កាត់បទល្មើសនេះ ទៅគណៈអភិបាលក្រុង ស្រុក តែម្ដង ហើយប្រសិនបើអនុវត្តមិនមានប្រសិទ្ធភាពទេនោះ សម្ដេចនឹងពិចារណាក្នុងការផ្លាស់ប្ដូរ ឬតែងតាំងថ្មីអភិបាលក្រុង ស្រុក នៅតំបន់ដែលក្ដៅខ្លាំង។

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថា ក្នុងចំណោមស្រុក ក្រុង ទាំង២០៩នៅទូទាំងប្រទេស មានប្រហែល១០ក្រុង ស្រុកប៉ុណ្ណោះ ដែលជាតំបន់ក្ដៅខ្លាំងក្នុងការទន្ទ្រានដីព្រៃដោយខុសច្បាប់នេះ។ សម្ដេចគូសបញ្ជាក់ថា មានសេនារីយោពីរ ដែលកន្លងមកអភិបាលក្រុង ស្រុក អនុវត្តមិនជោគជ័យ គឺមិនសូវសកម្ម និងសកម្មដែរតែគីឡូមិនគ្រប់ ឬអ្នកដែលមកទន្ទ្រានមានឥទ្ធិពលជាង។

ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់បែបនេះថា «បញ្ហានេះជាតំបន់ក្ដៅ មុខព្រួញក្ដៅ ត្រូវរើសមេទ័ពដែលខ្លាំង មេទ័ពដែលអារកាត់ មេទ័ពដែលអាចដឹកនាំ។ អ៊ីចឹងនៅតំបន់ក្ដៅដាច់ខាតត្រូវការតែងតាំង ផ្លាស់ប្ដូរថែមទៀត ត្រូវគិតគូរអំពីប្រសិទ្ធភាពនៃការដោះស្រាយបញ្ហា។ នៅតាមបណ្ដាតំបន់ក្ដៅ ដែលត្រូវមើលបើកន្លែងហ្នឹងរឿងដដែលៗ ត្រូវពិនិត្យយន្ដការនៃការអនុវត្ត ជាពិសេសមេទ័ពតែម្ដង (អភិបាលក្រុង ស្រុក)។ ការតែងតាំង ឬការផ្លាស់ប្ដូរត្រូវធ្វើទៅតាមពេលវេលាដែលចាំបាច់ តាមស្ថានភាព និងតម្រូវការចាំបាច់ ដើម្បីធានានូវប្រសិទ្ធភាព និងកាតព្វកិច្ចរបស់យើង»

ក្រៅពីគណៈអភិបាលក្រុង ស្រុក ដែលជាប់មូលដ្ឋាននោះ, គណៈអភិបាលខេត្ត ត្រូវតែជួយគាំទ្រ និងចាត់កម្លាំងដោះស្រាយបញ្ហានេះ ពោលត្រូវទទួលខុសត្រូវតាំងពីក្រោម ដល់លើ ហើយក្នុងករណីថ្នាក់ខេត្តនៅតែទប់មិនជាប់ទៀត ត្រូវស្នើសុំថ្នាក់ជាតិបន្ទាន់ ឬរាយការណ៍មកកាន់នាយករដ្ឋមន្ដ្រីតែម្ដង។ នេះបើតាមអ្វីដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែម។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅតែប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការថែរក្សាធនធានធម្មជាតិ ដោយបង្ក្រាបរាល់សកម្មភាពដែលល្មើសច្បាប់ ហើយមិនអង្គុយបក់ផ្សែងទៀតនោះឡើយ ពោលត្រូវតែអារកាត់អ្នកដែលមិនមានសមត្ថភាព ឬអ្នកដែលនៅពីក្រោយនៃការប្រព្រឹត្តខុសច្បាប់៕