(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល ត្រៀមស្នើដាក់សម្បត្តិវប្បធម៌ខ្មែរ៧ទៀត ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព សម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រៀមចុះបញ្ជីចំនួន៧ថែមទៀត ក្នុងនោះមាន៖ គុកទួលស្លែង, បន្ទាយឆ្មារ, អង្គរបុរីភ្នំដារ, ភ្នំព្រះរាជទ្រព្យ, ប្រាសាទកំពង់ស្វាយ, ប្រាសាទបេងមាលា និងភ្នំគូលែន ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក»

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាល ក៏ត្រៀមចុះបញ្ជីថែមទៀត នូវក្រមា, អាពាហ៍ពិពាហ៍ខ្មែរ និងសង្រា្កន្ដ ដើម្បីឲ្យពិភពលោកបានស្គាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា សម្ដេចបានឲ្យក្រសួងវប្បធម៌ និងវិចិត្រ តៀមរៀបចំឯកសារ ដើម្បីដាក់ពាក្យ «សង្ក្រាន្ត» ចុះបញ្ជីបេតិកភណ្ឌអរូបិយ ឲ្យបានរួចរាល់ នៅឆ្នាំក្រោយ ដើម្បីអាចចូលនៅក្នុងឆ្នាំ២០២៦ កុំមានមន្ទឹលសង្ស័យតទៅទៀត។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លោកតា លោកយាយ កុំមានការព្រួយបារម្ភ អត់ពីណាដណ្ដើមរបស់កម្ពុជា​នោះទេ ហើយកុំមានការយល់ច្រឡំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការព្រួយបារម្ភ គឺត្រឹមត្រូវដែលយើងត្រូវមានស្មារតី ក្នុងការការពារ ប៉ុន្ដែសូមឲ្យអុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងពិភពលោកថា កម្ពុជា មិនបានធ្វេសប្រហេស ឲ្យប្រទេសណាគេយកអ្វីនូវវប្បធម៌របស់កម្ពុជា ដោយមិនបានការការពារនោះទេ។

រហូតមកដល់ពេលនេះ មានសម្បត្តិវប្បធម៌ខ្មែរចំនួន១០ហើយ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះមាន៤ ជាបេតិកភណ្ឌរូបី និង៦ទៀត ជាបញ្ជីបេតិកភណ្ឌអរូបី។ បេតិកភណ្ឌរូបី មានដូចជា ឧទ្យានបុរាណវិទ្យាអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសម្បូរព្រៃគុហ៍ និងប្រាសាទកោះកេរជាដើម។ ដោយឡែកបេតិកភណ្ឌអរូបី មានដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត និងក្បាច់គុនល្បុក្កតោផងដែរ៕