(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សន្តិភាពជាធាតុដ៏សំខាន់សម្រាប់ការកសាងប្រទេសជាតិ បើមិនមានកត្តាសន្តិភាពនេះទេយើងក៏មិនអាចកសាងប្រទេសជាតិបាននោះទេ ហើយប្រជាពលរដ្ឋក៏មិនអាចរស់នៅបានដោយស្ងប់សុខដែរ ដូចនេះសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន នឹងមិនអាចបាត់បង់បាននោះទេសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូចនេះនៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ពាក្យអរគុណសន្តិភាពនេះប្រហែលជាលឺច្រើន រហូតដល់អ្នកខ្លះគាត់ថា លឺច្រើនពេកហើយ តែលឺច្រើនពេកប្រសើរជាងអត់លឺសោះ បើសិនជាអត់មានកត្តាសន្តិភាពនេះទេ ក៏យើងមិនអាចកសាងប្រទេសយើង ហើយប្រជាពលរដ្ឋក៏មិនអាចនៅអង្គុយនៅទីនេះដោយមានសេចក្តីស្ងប់សុខនោះដែរ, ម៉ោងស្មើរនេះអាចព្រួយបារម្មណ៍ថាចេញទៅវិញវាយ៉ាងមិច មកពីតំបន់ឆ្ងាយធ្វើដំណើរយ៉ាងណា អាចមានការប្រយុទ្ធគ្នានៅតាមផ្លូវដែរឫទេ?»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សន្តិភាពមានតម្លៃពិតមិនអាចកាត់ថ្លៃ នឹងមិនអាចបាត់បង់បាននោះទេសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។ បើប្រទេសជាតិមានមានសង្គ្រាម នោះវត្តអារាមក៏អាចក្លាយជាទីកន្លែងសម្រាប់ប្រយុទ្ធគ្នាបានដែរ វត្តក៏ជាកន្លែងសម្រាប់ដាក់កងទ័ព សម្រាប់ដាក់អ្នកជំងឺព្យាបាលផងដែរ នៅពេលដែលប្រទេសមានសង្គ្រាម។ តែនៅពេលដែលប្រទេសមានសន្តិភាព ទីតាំងប្រយុទ្ធគ្នា អាចក្លាយជាទីតាំងសម្រាប់កសាងវត្តបានផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដែរថា មានវត្តអារាមខ្លះទើបតែបានកសាងឡើងក្រោយឆ្នាំ១៩៩៨នោះទេ ហើយទីតាំងកសាងវត្តនោះនៅពេលដែលប្រទេសមានសង្គ្រាម គឺជាទីតាំងដែលបានផ្លោងគ្រាប់ដាក់គ្នានោះទេ។ ដូចនេះហើយអ្វីដែលជាកត្តាសំខាន់ចាំបាច់នោះគឺ កត្តាសន្តិភាពដែលយើងអាចកសាងសមិទ្ធផលធំៗ និងជួយឱ្យប្រទេសកាន់តែរីកចម្រើនបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា កត្តាសេរីភាពសាសនា ក៏មានសារៈសំខាន់ផងដែរ ហើយបើយើងមិនមានសេរីភាពសាសនានោះទេ គឺក៏យើងមិនអាចកសាងវត្ត ដើម្បីឱ្យប្រជាពលរដ្ឋប្រតិបត្តិសាសនាបាននោះដែរ ជាក់ស្តែងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មិនមានសេរីភាពសាសនានោះទេ គ្មានការកសាងវត្តបន្ថែមនោះទេ ហើយសូម្បីតែព្រះសង្ឃក៏មិនអាចប្រតិបត្តិសាសនាបាននោះដែរ។ ដូចនេះកត្តាសេរីភាពនេះគឺសំខាន់ហើយយើងបានយកចិត្តទុកដាក់ និងផ្តល់កត្តាសេរីភាពសាសនានេះឡើងវិញនៅក្រោយឆ្នាំ១៩៧៩ គ្រប់សាសនាទាំងអស់៕