(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីណែនាំពីការសម្រួលដំណើរចូល-ចេញប្រទេសកម្ពុជា-ថៃ ជូនពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនានេះ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្តីពីការសម្រួលការធ្វើដំណើរ ចូល-ចេញ ប្រទេសជូនពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ សំដៅអនុវត្តឱ្យមានប្រសិទ្ធភាពស្មារតី សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា ថៃ ស្តីពីការសម្រួលការធ្វើដំណើរចូល-ចេញ ប្រទេសរបស់ពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នាពេលដ៏ខ្លីខាងមុខនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការណែនាំដល់នាយប៉ុស្តិ៍ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដូចខាងក្រោម៖

១៖ ត្រូវរៀបចំត្រៀមកម្លាំង និងបែងចែកវេនប្រចាំការឱ្យបានសមស្រប ដើម្បីធានាបាននូវប្រសិទ្ធ ភាពការងារ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងអំឡុងពេលដែលពលករកម្ពុជាវិលចូលប្រទេស និងនៅពេលត្រឡប់ទៅបំពេញការងារ ក្នុងប្រទេសថៃវិញ។

២៖ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ បានសម្រេចមិនយកតម្លៃទិដ្ឋាការពេលពលករកម្ពុជា ត្រឡប់ចូលប្រទេសថៃវិញ (Re-Entry Permit) សម្រាប់រយៈពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយមន្ត្រីមានសមត្ថកិច្ចថៃ នឹងធ្វើការប្រថាប់ត្រាជំនាញថ្មី ដាច់ដោយឡែកលើលិខិតឆ្លងដែនកម្ពុជា ឬឯកសារធ្វើដំណើរ ដែលមានតម្លៃស្មើតាមកិច្ចព្រមព្រៀងរបស់ប្រទេស ទាំងពីរ ជាសម្គាល់ និងជាមូលដ្ឋានទិន្នន័យបម្រើដល់ការគ្រប់គ្រងដំណើរចូល-ចេញ ប្រទេសរបស់ពលករកម្ពុជា សម្រាប់រយៈពេលកំណត់ខាងលើតែប៉ុណ្ណោះ (ដូចមានគំរូត្រា និងឯកសារបកប្រែជូនភ្ជាប់ជាមួយ) ។

៣៖ ដើម្បីសម្រួល និងពន្លឿនការត្រួតពិនិត្យដំណើរចូល-ចេញ ប្រទេសរបស់ពលករកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្រេចមិនតម្រូវឱ្យប្រថាប់ត្រាចូល-ចេញ ប្រទេសលើលិខិតឆ្លងដែន ឬឯកសារ ធ្វើដំណើរដែលមានតម្លៃស្មើតាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរនោះឡើយ។ ប៉ុន្តែចាំបាច់ត្រូវធ្វើការកត់ត្រាទិន្នន័យឱ្យច្បាស់លាស់ ក្នុងប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ សម្រាប់បម្រើដល់ការងារស្រាវជ្រាវ និងកិច្ចការជំនាញ ដទៃនាថ្ងៃអនាគត ។

៤៖ ត្រូវយកចិត្តទុកដាក់ សម្របសម្រួល និងសហការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅបរិវេណប៉ុស្តិ៍ច្រកទ្វារ ចូល-ចេញ ប្រទេសឱ្យបានល្អ សំដៅបញ្ចៀសការកកស្ទះ បញ្ហាសុខភាពរបស់ពលករ និងអ្នកដំណើរទូទៅ និងកត្តាជាអវិជ្ជមាន ដែលអាចកើតឡើងជាយថាហេតុដទៃទៀត។

៥៖ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវចូលរួមសហ ការឱ្យបានសកម្ម និងអស់ពីលទ្ធភាពជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់កំរិត ដើម្បីធ្វើយ៉ាង ណាឱ្យដំណើរ ចូល-រចេញ ប្រទេសរបស់ពលករកម្ពុជា ក្នុងរង្វង់ប្រតិបត្តិការរបស់ខ្លួន ប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យតាមផែនការ ដែលថ្នាក់ដឹកនាំក្រសួង និងប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន៕