(ព្រះសីហនុ)៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមជ្ឈមណ្ឌលចំណេះដឹងទូទៅអន្តរទ្វីបខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្កាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សប្រុសស្រីចំនួន១៣៤នាក់ ដើម្បីបញ្ជ្រៀបពីច្បាប់ចរាចរណ៍ផ្លូវគោក និងសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មានការចូលរួមពីគ្រូបង្គោល នៃការិយាល័យនគរបាលចរាចរណ៍ ព្រមទាំងមន្ត្រីសាធារណការ និងដឹកជញ្ជូន និងនាយកសាលា លោកគ្រូ-អ្នកគ្រូ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំមជ្ឈមណ្ឌលចំណេះដឹងទូទៅអន្តរទ្វីបខេត្តព្រះសីហនុ។

លោកវរសេនីយ៍ឯក គឹម សុង បានឲ្យដឹងថា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ពិតជាមានសារសំខាន់ប្រជាពលរដ្ឋអ្នកប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទ ជាពិសេសសិស្សានុសិស្ស ដែលនៅវ័យសិក្សានូវមិនទាន់ដឹងច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក។ ជាក់ស្តែងនាព្រឹកនេះ បានជាមួយសាលា មានសិស្សចំនួន១៣៤នាក់ ដែលកំពុងប្រើប្រាស់យាន្តជំនិះដោយខ្លួនឯង ដូច្នេះត្រូវសហការជាមួយនាយកសាលា លោកគ្រូ អ្នកគ្រូដើម្បីធ្វើបទបង្ហាញបញ្ជៀបពីគុណវិបត្តិនៃគ្រោះថ្នាក់ចរាចរណ៍ និងការមិនប្រើប្រាស់មួកសុវត្ថិភាព។

លោកបន្តថា សម្រាប់វគ្គបណ្តុះបណ្តាលនេះ នគរបាលជំនាញមានផែនការយ៉ាងច្បាស់លាស់ ដោយសហការជាមួយមន្ទីរអប់រំខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ជាបន្តបន្ទាប់ក្នុងការចុះបើកវគ្គទាំងសាលារដ្ឋ និងឯកជន ទោះបីជាខាងសាលាមានភាពមរមាញឹកយ៉ាងក្តី យ៉ាងហោចណាស់ក្នុងសាលានីមួយៗ គឺធ្វើយ៉ាងតិចពីរដងក្នុងមួយឆ្នាំ។

លោកវរសេនីយ៍ឯក គីម សុង គូសបញ្ជាក់ថា បើធៀបក្នុងខែមីនានេះ ទៅខែកុម្ភៈកន្លង ទៅពិតជាមានការសោកស្តាយដោយគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងមកវិញ។ កត្តាទាំងនេះ គឺបណ្តាលមកធ្វេសប្រហែស និងមិនគោរពច្បាប់ចរាចរណ៍ (បើកបរក្នុងស្ថានភាពស្រវឹង លើកល្បឿន មិនពាក់មួកសុវត្ថិភាពជាដើម) ទាំងនេះជាហេតុផលដ៏ចាំបាច់ធ្វើឲ្យស្នងការនគរបាលខេត្តព្រះសីហនុ ចុះអប់រំផ្សព្វផ្សាយ សហការជាមួយមន្ទីរពាក់ព័ន្ធ សាលារដ្ឋ និងឯកជនបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកសំណូមពរដល់ប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ចូលរួមគោរច្បាប់ទាំងអស់គ្នា «ស្រលាញ់ជីវិត ស្រលាញ់គ្រួសារ ស្រលាញ់អ្នកដ៏ទៃចូលរួមគោរច្បាប់ចរាចរណ៍»