(ភ្នំពេញ)៖ គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នេះ បានរៀបចំគម្រោងដង្ហែរញត្តិដាក់ទៅតាមបណ្តាស្ថានទូតនានាក្នុងទីក្រុងភ្នំពេញ ដែលជាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ការហែរញត្តិនេះ បើតាមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង គឺដើម្បីឲ្យប្រទេសទាំងអស់នោះ ដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានចាត់ទុកថា វាជារឿងគួរឲ្យអស់សំណើច ជារឿងឥតប្រយោជន៍ ដែលប្រទេសហត្ថលេខីទាំងអស់នោះមិនអាចជួយអ្វីដល់គណបក្សប្រឆាំងបានទាល់តែសោះ។ ប្រសិនបើញត្តិនោះបានទៅដល់ដៃប្រទេសទាំងអស់នោះមែន ចុងបញ្ចប់បានត្រឹមធ្លាក់ចូលធុងសំរាមតែប៉ុណ្ណោះ។
ពាក់ព័ន្ធបញ្ហានេះ អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាមើលឃើញថា គណបក្សសង្គ្រោះជាតិមិនមែនមិនដឹងថា ការដាក់ញ្ញត្តិនេះគ្មានប្រយោជន៍អ្វីទាល់តែសោះដែលអាចធ្វើឲ្យប្រទេសហត្ថលេខីទាំងអស់នោះ ដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជាបានទេ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិត្រូវតែធ្វើដូច្នេះ គឺដើម្បីបង្កើតព្រឹត្តិការណ៍ថ្មីទាក់ទាញការចាប់អារម្មណ៍ពីមហាជន ខណៈការគាំទ្រគណបក្សនេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ស្ទើរតែលែងមានអ្នកគាំទ្រ។
ការបង្កើតព្រឹត្តិការណ៍ថ្មីនេះ បើតាមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាយល់ថា គឺជាសេណារីយ៉ូមួយមានការរៀបចំច្បាស់លាស់របស់ប្រទេសដែលលោក កឹម សុខា អួតប្រាប់ថា ជាអ្នកតាក់តែងគោលនយោបាយឲ្យគណបក្សសង្គ្រោះជាតិ បន្ទាប់ពីឯកអគ្គរដ្ឋទូតរបស់ប្រទេសមួយនេះ បានជួបលោក កឹម សុខា នៅទីស្នាក់ការបក្សកាលពីថ្ងៃទី២កញ្ញា។
ទី១៖ ការហែរញត្តិនេះ គឺចំថ្ងៃច័ន្ទ ដែលជាថ្ងៃយុទ្ធនាការអាវខ្មៅ របស់អង្គការក្រៅរដ្ឋាភិបាលចាយប្រាក់ដុល្លារអាមេរិក។
ទី២៖ គឺដើម្បីគៀងគរសកម្មជនបក្សឲ្យចូលរួមការពារបទល្មើសរបស់លោក កឹម សុខា ដែលរុំព័ទ្ធទៅដោយរឿងអាស្រូវផ្លូវភេទ និងកៀកពេលនឹងថ្ងៃជំនុំជម្រះរឿងក្តី លោក កឹម សុខា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ។
ទី៣៖ គឺដើម្បីប្រកូកប្រកាសកេណ្ឌកម្លាំងមហាជនឲ្យចូលរួមបង្កភាពវឹកវរអនាធិបតេយ្យក្នុងទីក្រុង និងមានចេតនាយកកម្លាំងមហាជនប្រឆាំងនឹងច្បាប់។
ទី៤៖ គឺដើម្បីប្រមូលរូបភាព នៃការដាក់បារាស់រារាំងរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលជាវិធានការផ្លូវច្បាប់របស់រដ្ឋ យកទៅបកស្រាយបំភាន់មតិសាធារណៈថា ជាការរំលោភសិទ្ធិមនុស្ស។
តើគណបក្សសង្គ្រោះជាតិចាំបាច់ទាល់តែហែរញត្តិមែនឬ ទើបញត្តិនោះនៅតាមបណ្តាស្ថានទូតនានា ទទួល? ជាក់ស្តែង គ្រាន់តែតំណាងរាស្ត្រមួយចំនួនទៅធម្មតា ក៏បានយកញត្តិនោះទៅដាក់រួចហើយ គឺចំនួន ១៥ស្ថានទូតនៅថ្ងៃនេះ។
ទន្ទឹមគ្នានេះ បើយោងតាមមនុស្សជំនិតរបស់លោកអនុប្រធានបក្ស កឹម សុខា បានលួចបង្ហើបប្រាប់ទាំងហួសចិត្តថា លោក កឹម សុខា បាននិយាយថា «ទោះត្រូវ បង្ហូរឈាម ឬយកមនុស្សមកស្លាប់ និងរបួសប៉ុន្មាននាក់ក៏ដោយ ដាច់ខាតត្រូវតែប្រមូលសកម្មជនពីគ្រប់ខេត្តក្រុងឲ្យបានច្រើនដើម្បីការពារខ្ញុំផង កុំឲ្យពួកគេចាប់ខ្ញុំ ហើយត្រូវធ្វើរឿងបុគ្គលខ្ញុំឲ្យទៅជារឿងនយោបាយ ជាពិសេសការបង្កើតឲ្យមានព្រឹត្តិការណ៍ ពេលយើងដើរហែរតាមដងផ្លូវ»។
«បើតាមទ្រឹស្តីនៃការធ្វើបដិវត្តន៍ពណ៌ ដែលគេបានអនុវត្តនៅតាមបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងប្រទេសខ្លះនៅអាស៊ីជាដើមនោះ គឺគេបង្កើតព្រឹត្តិការណ៍នានា ដូចជាការដុតការ៉ាស់សាំង ការវាយកាប់ចាក់គ្នាហើយចោទរដ្ឋាភិបាលថា ជាជនដៃដល់។ល។ និងមានក្រុមចាំញុះញង់បន្ថែម ដើម្បីដុតកំហឹងមហាជនឲ្យមានការខឹងសម្បារមកលើរដ្ឋាភិបាល ទីបំផុតប្រមូលមហាជនផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់»។
ការបង្ហើបប្រាប់ពីមនុស្សជំនិតរបស់លោក កឹម សុខា នេះ វាស្របពេលដែលស្ថានទូតសហរដ្ឋអាមេរិក បានប្រាប់ពលរដ្ឋខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងពេលដែលគណបក្សសង្គ្រោះជាតិដើរក្បួនហែរញត្តិ វាហាក់បីដូចជា ស្ថានទូតសហរដ្ឋអាមេរិកបានដឹងជាមុនថា ការកេណ្ឌមនុស្សឲ្យមកហែរញត្តិតាមបញ្ជាររបស់ លោក កឹម សុខា អាចនឹងបង្កើតឲ្យមានព្រឹត្តិការណ៍ហិង្សាណាមួយជាក់ជាមិនខាន។ ដូច្នេះបើស្ថានទូតរបស់សហរដ្ឋអាមេរិកប្រកាសបែបនេះទៅហើយ អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាលចាំបាច់ត្រូវតែរាំងខ្ទប់បង្អាក់សកម្មភាពនេះ មិនឲ្យធ្វើដំណើរបានទេ ប្រសិនបើបន្តដំណើរនេះ វាអាចនឹងកើតមានដូចការព្រួយបារម្ភរបស់ស្ថានទូតអាមេរិកក៏ថាបាន។ នេះហើយ គឺជាហេតុដែលជំរុញឲ្យសមត្ថកិច្ចត្រូវតែអនុវត្តវិធានការណ៍តឹងរ៉ឹង ដើម្បីថែររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ៣លាននាក់ ដែលកំពុងរស់នៅប្រកបការងារទទួលទានផ្សេងៗក្នុងទីក្រុង។
ជារួមទោះបីគណបក្សសង្គ្រោះជាតិបានបង្កើតព្រឹត្តិការណ៍ថ្មីៗ ដើម្បីទាញចំណាប់អារម្មណ៍មហាជន យ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា វាគ្មានទទួលបានផលអ្វីទាំងអស់ក្រៅតែពីធ្វើឲ្យប្រជាពលរដ្ឋខាតបង់ពេលវេលាប្រកបរបរទទួលទានដែលបាន និងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថេរភាពនោះឡើយ។ សកម្មភាពបែបនេះ មានតែជំរុញឲ្យប្រទេសជាតិមានអស្ថិរភាព ប្រាស់ចាកទៅនឹងអ្វីដែលប្រជាពលរដ្ឋទូទៅប្រាថ្នាចង់បាន។ ដូច្នេះមានតែវិធានមួយប៉ុណ្ណោះ គឺការការពារ និងថែរក្សាសណ្ដាប់ធ្នាប់ដែលកងកម្លាំងចម្រុះ មានតួនាទីយ៉ាងសំខាន់ក្នុងការបង្ការមិនឲ្យកើតមាននូវបញ្ហា ដែលអាចនឹងកើតឡើងដោយសារតែព្រឹត្តិការណ៍ថ្មីៗ ប្រកបដោយល្បិចពិសពុលរបស់គណបក្សសង្គ្រោះជាតិ៕