(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន និង លោក Hiroaki SAKASHITA អនុរដ្ឋមន្រ្តី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍ជប៉ុន នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានជួបពិភាក្សាគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងកម្ពុជា-ជប៉ុន។
ក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល និង លោក Hiroaki SAKASHITA បានពិភាក្សាទៅលើការបង្កើនកិច្ចសហប្រតិបត្តិការទាក់ទង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ (Soft Infrastructure) និងវិស័យផ្សេងទៀត ដែលទាក់ទងការធ្វើទំនើបកម្ម នៃការចុះបញ្ជីយានយន្ត និងប្រព័ន្ធគ្រប់គ្រងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការអភិវឌ្ឍកំពង់ផែ (រួមទាំងកម្មវិធី នៃប្រព័ន្ធ EDI នៅកំពង់ផែ) ការធ្វើឲ្យប្រសើរឡើងដល់ការធ្វើដំណើរចូលទៅកាន់ព្រលានយន្តហោះ និងគម្រោង នៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ការធ្វើឱ្យប្រសើរឡើងដល់ការដឹកជញ្ជូនតាមផ្លូវដែក ប្រព័ន្ធព្យាបាលទឹកស្អុយ (Sewage Treatment System) និងការបង្កើតផែនការមេ នៃការដឹកជញ្ជូន។
លោក SAKASHITA បានកត់សម្គាល់អំពីសារៈសំខាន់ទាក់ទងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ ដើម្បីសម្រេចបានបណ្តាញដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ប្រទេស។ លោកបានស្នើឲ្យក្រសួងដឹកជញ្ជូនកម្ពុជា-ជប៉ុន ពង្រីកកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងទាំងពីរ ដើម្បីពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់ នៅក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេស និង ផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ទាក់ទងនិន្នាការនាអនាគត និងសកម្មភាពទាក់ទងការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ រួមទាំងហេដ្ឋារចនាសម្ព័ន្ធទន់ផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការដឹងគុណដល់ប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រជាបន្តក្នុងការអភិវឌ្ឍហេដ្ឋារច នាសម្ព័ន្ធនៅកម្ពុជា ព្រមទាំងការបណ្តុះបណ្តាលនានា ដើម្បីកសាងសមត្ថភាពដល់មន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាទៀងទាត់រវាងមន្ត្រី និងថ្នាក់ដឹកនាំ នៃក្រសួងទាំងពីរ និងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក បទពិសោធន៍ និងការអនុវត្តដ៏ល្អបំផុត ទាំងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន់។
បន្ទាប់ពីជំនួបទ្វេភាគី លោកទេសរដ្ឋមន្ត្រី និងអនុរដ្ឋមន្រ្តីដឹកជញ្ជូនជប៉ុន បានអញ្ជើញធ្វើជាសហប្រធានដឹកនាំ «សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសលើវិស័យដឹកជញ្ជូន រវាងកម្ពុជា និងជប៉ុន»។ លោក Yuji KUMAMARU ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាក៏បានថ្លែងពីចំណាប់អារម្មណ៍គាំទ្រដល់សិក្ខាសាលា ដ៏មានសារៈសំខាន់នេះផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លោកអនុរដ្ឋមន្ដ្រី និងលោកឯកអគ្គរដ្ឋទូត KUMAMARU SAKASHITA បានសម្តែងការដឹងគុណដល់ក្រសួងទាំងពីរ ដែលបានផ្តល់ឱកាស និងកិច្ចសហប្រតិបត្តិការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង នៅកម្ពុជា។ ពួកលោកសង្ឃឹមថា សិក្ខាកាមនានា នឹងបានយល់បន្ថែមទៀតអំពីបញ្ហាប្រឈម បញ្ហាចាំបាច់ និងដំណោះស្រាយក្នុងវិស័យរបស់ខ្លួន។
លោក ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្ដឱ្យសិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា ដើម្បីបានសិក្សាបន្ថែមទៀតពីប្រទេសជប៉ុនក្នុងវិស័យដឹកជញ្ជូន ភ័ស្តុភារកម្ម និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៕