(តាកែវ)៖ ប្រជាពលរដ្ឋជាង៣០០គ្រួសារ រស់នៅភូមិក្ប៉ម ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ សប្បាយរីករាយដល់ថ្នាក់ទប់ទឹកភ្នែកមិនជាប់ ចំពោះសមិទ្ធផលតកូនតចៅ ដែលជាអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានផ្ដល់ស្រះទឹក ដែលមានបណ្តោយ៦០ម៉ែត្រ ទទឹង៥០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ រួមជាមួយរបងព័ទ្ធជុំវិញស្រះដ៏រឹងមាំ។

កាន់តែសប្បាយរីករាយនោះ គឺនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ សម្ដេចកិតិព្រឹទ្ធបណ្ឌិត បានបន្ដផ្ដល់នូវអំពូលភ្លើង ដើរដោយថាមពលព្រះអាទិត្យ (អំពូលសូឡា២៤វ៉ុល) ចំនួន១៨អំពូល បំភ្លឺជុំវិញស្រះ តាមជណ្តើរចុះស្រះ តភ្ជាប់ពីស្រះទឹក រហូតដល់បរិវេណនៃសាលាបុណ្យភូមិ ដែលជាកន្លែងសម្រាប់ចាស់ៗសូត្រធម៌ និងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ។

នេះមិនមែនជាលើកទីមួយ ហើយក៏មិនមែនជាលើកទីពីរដែរ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានជួយគ្រប់មធ្យោបាយទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋរួចផុតពីទុក្ខលំបាក វេទនាគ្រប់បែបយ៉ាង ហើយនៅពេលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានជួយជាបន្ដបន្ទាប់ ដោយបានផ្ដល់ភ្លើងសូឡាដ៏ព្រោងព្រាតនេះ ដើម្បីប្រែក្លាយទីធ្លារ ដែលតែធ្លាប់ស្ងាត់ជ្រងំ ទៅជាតំបន់ទេសចរណ៍ ដែលភូមិរបស់បងប្អូនប្រជាពលរដ្ឋ មកអង្គុយលេង ជជែកកម្សាន្ត និងប្រើប្រាស់ទឹកស្រះបានទាំងយប់ទាំងថ្ងៃ ព្រមទាំងអាចផ្លាស់ប្តូរមុខមាត់ របស់ពួកគាត់បានកាន់តែប្រសើរជាងមុន។

ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងក្រុមបច្ចេកទេស នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានខិតខំប្រឹងប្រែងដំឡើងអំពូលសូឡាទាំងនេះ សម្រាប់ប្រជាពលរដ្ឋ៕