(ភ្នំពេញ)៖ ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ «Chivann Pen ហៅតាប្រមឹក» ត្រូវក្រុមអ្នកនយោបាយប្រឆាំង និងក្រុមវិទ្យុផ្សាយជាខេមរភាសាពីបរទេសព្យាយាមតម្កើងជាអ្នកក្លាហាន និងដូចវីរបុរសរបស់ពួកគេ ក៏ព្រោះម្ចាស់គណនេយ្យហ្វេសប៊ុករូបនេះ តែងសរសេរវាយប្រហារលើសកម្មភាពរាជរដ្ឋាភិបាល។
ចុងក្រោយនេះម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ «Chivann Pen ហៅតាប្រមឹក» រឹតតែទទួលបានការចាប់អារម្មណ៍ខ្លាំងថែមទៀត បន្ទាប់ពីរូបគេបានសរសេរចោទប្រកាន់ថា លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអ្នកជាប់ពាក់ព័ន្ធនឹងការបាត់លុយរបស់របស់ក្រុមហ៊ុន CIC ដែលជាព្រឹត្តិការណ៍ដ៏កក្រើកមួយក្នុងសង្គមខ្មែរ។
ការចោទប្រកាន់នេះ បានធ្វើឱ្យម្ចាស់គណនេយ្យហ្វេសប៊ុករូបនេះ រងបណ្តឹងពីលោក ព្រាប កុល ឈានដល់ការអនុវត្តន៍ច្បាប់ និងចាប់ដាក់ពន្ធនាគារផងដែរ ពាក់ព័ន្ធបទញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅនេះ។
សាធារណជន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ស្គាល់ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ «Chivann Pen ហៅតាប្រមឹក» និងវាយតម្លៃគេថា ជាមនុស្សស្នេហាយុត្តិធម៌ ស្នេហាភាពត្រឹមត្រូវក្នុងសង្គម តាមរយៈសំណេរដែលបានសរសេរលើហ្វេសប៊ុក ហ៊ានវាយប្រហារលើរាជរដ្ឋាភិបាល។ ប៉ុន្តែមិនមាននរណាដឹងថា ម្ចាស់គណនេយ្យនេះ មានដំណើរជីវិតពិតបែបណានោះឡើយ? សូម្បីតែឈ្មោះពិតរបស់គេ ក៏ត្រូវបានលាក់ផងដែរ។
តើម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ «Chivann Pen (តាប្រមឹក)» មានដំណើរជីវិតបែបណា?
យោងទៅតាមដីការបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានបង្ហាញថា ម្ចាស់គណនេយ្យហ្វេសប៊ុកនេះ មានឈ្មោះពិតថា យ៉ង ប៉ាក់ មានអាយុ ៤៤ឆ្នាំ កើតនៅភូមិព្រៃព្រាយ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ មុនពេលសមត្ថកិច្ចចាប់ខ្លួនបុគ្គលឈ្មោះ យ៉ង ប៉ាក់ ស្នាក់នៅផ្ទុះក្នុងបុរីវិមានភ្នំពេញ ផ្ទះលេខ៦I ផ្លូវលេខ២០៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក យ៉ង ប៉ាក់ មានប្រពន្ធឈ្មោះ វណ្ណ ចាន់ទី និងកូន២នាក់។ ប្រពន្ធ និងកូនរបស់លោក យ៉ង ប៉ាក់ ទើបនឹងត្រូវបានបញ្ជូនទៅរស់នៅប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗកន្លងទៅនេះ។
ក្រៅពីប្រភពអត្តសញ្ញាណដែលបង្ហាញដោយតុលាការនេះទៅ ប្រភពព័ត៌មានពីអ្នកស្គាល់លោក យ៉ង ប៉ាក់ ក៏បានឱ្យដឹងផងដែរថា លោក យ៉ង ប៉ាក់ ជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន AGRIBEE រកស៊ីលើវិស័យស្រូវអង្ករ។ ប៉ុន្តែដោយសារភាពមិនស្មោះត្រង់របស់លោក យ៉ង ប៉ាក់ លេបយកលុយដៃគូវិនិយោគជាជនបរទេសប្រមាណ ១លានដុល្លារ ក៏ធ្វើឱ្យដៃគូវិនិយោគដកការវិនិយោគ ហើយធ្វើឱ្យក្រុមហ៊ុននេះលែងដំណើរការផងដែរ។
លោក យ៉ង ប៉ាក់ ក៏ជាជនរកស៊ីបោកប្រាស់មួយរូប ដែលមិនមាននរណាដឹងនោះឡើយ។ មានអ្នករកស៊ីក្នុងវិស័យស្រូវអង្ករជាច្រើនរូប ត្រូវបានបុគ្គលរូបនេះឆបោកលុយអស់រាប់សិបម៉ឺនដុល្លារ។ ក្នុងនោះសូម្បីពលរដ្ឋរកស៊ីលក់អង្កាម ក៏បានរងការចាញ់បោកបុគ្គលរូបនេះផងដែរ។
លោក កង ផល្លា អាយុ ៤៥ឆ្នាំ រស់នៅស្រុកដងទង់ ខេត្តកំពត ជាមនុស្សមួយរូបក្នុងចំណោមមនុស្សជាច្រើនរូប ត្រូវបានបុគ្គលឈ្មោះ យ៉ង ប៉ាក់ និងជាម្ចាស់គណនេយ្យហ្វេសប៊ុក «Chivann Pen ហៅតាប្រមឹក» បោកប្រាស់លុយអស់ជិត១០ម៉ឺនដុល្លារ។
លោក កង ផល្លា បានជួបប្រាស្រ័យជាមួយលោក យ៉ង ប៉ាក់ តាមរយៈការរកស៊ីជួញអង្កាម។ លោក កង ផល្លា បានរៀបរាប់ថា កាលពីឆ្នាំ២០២៣ លោក យ៉ង ប៉ាក់ បានទាក់ទងលោកទិញអង្កាមយកទៅផ្គត់ផ្គង់តាមរោងចក្រផលិតស៊ីម៉ង់តិ៍នៅក្នុងខេត្តកំពត។
លោក កង ផល្លា បានរៀបរាប់ប្រាប់ Fresh News ថា បុគ្គលឈ្មោះ យ៉ង ប៉ាក់ នេះ បានបញ្ជាទិញអង្កាមពីលោកជាបន្តបន្ទាប់ដោយមានទឹកសរុបជិត ១០ម៉ឺនដុល្លារអាមេរិក។ បន្ទាប់ពីបានបញ្ជាទិញអង្កាមហើយនោះ បុគ្គលឈ្មោះ យ៉ង ប៉ាក់ បានចេញមូលប្បទានប័ត្រ (សែក) ចំនួន៥សន្លឹក ឱ្យទៅបើកប្រាក់។ ពេលទៅបើកប្រាក់ ក្នុងគណនេយ្យធនាគាររបស់លោក យ៉ង ប៉ាក់ មិនមានលុយនោះឡើយ។
បន្ទាប់ពីចេញមូលប្បទាប័ត្រមិនមានប្រាក់ហើយ បុគ្គល យ៉ង ប៉ាក់ បានគេចវេសជាបន្តបន្ទាប់។ នៅទីបំផុត ពោលគឺថ្ងៃខែសីហា ឆ្នាំ២០២៣ លោក កង ផល្លា និងភរិយា បានសម្រេចប្តឹងលោក យ៉ង ប៉ាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែតុលាការមិនទាន់មានចំណាត់ការលើបុគ្គលនេះនៅឡើយនោះទេ។
បើតាមលោក កង ផល្លា បន្ទាប់កើតរឿងចាញ់បោកនេះទៅ លោកក៏ទទួលបានព័ត៌មានពីការឆបោករបស់បុគ្គល យ៉ង ប៉ាក់ ជាច្រើនករណីផ្សេងទៀត។
របរជំនួញអង្កាមមិនជាទទួលបានប្រាក់ចំណេញអ្វីច្រើននោះឡើយ គឺគ្រាន់តែជួយទ្រទ្រងជីវិតបានមួយរស់ៗប៉ុណ្ណោះ។ ក្រោយរងការចាញ់បោកបុគ្គល យ៉ង ប៉ាក់ អស់ជិត១០ម៉ឺនដុល្លារ កំពុងធ្វើឱ្យលោក កង ផល្លា ជួបការលំបាកខ្លាំង ជាពិសេសរកលុយបង់ការប្រាក់ជូនធនាគារ ព្រោះថាប្រាក់ដែលយកទៅទិញអង្កាមលក់បន្តនោះ សុទ្ធជាលុយខ្ចីពីធនាគារ។
លោក កង ផល្លា
លោក យ៉ង ប៉ាក់