(កណ្តាល)៖ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សាមគ្គីភាព និងការឯកភាពផ្ទៃក្នុងដ៏រឹងមាំរាប់ពីថ្នាក់ក្រោម រហូតដល់ថ្នាក់កំពូល គឺជាបុព្វហេតុដ៏ចម្បងមួយ ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជាតែងឈ្នះលើសមរភូមិប្រជាធិបតេយ្យ និងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាពលរដ្ឋរាល់ពេលបោះឆ្នោត។
អ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង បានគូសបញ្ជាក់បែបនេះ ក្នុងពេលសំណេះសំណាល ជាមួយមន្ត្រីគណបក្សស្រុក-ឃុំ ចំនួន ១៨៨រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះ ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោកកិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានគណៈពង្រឹងការងារស្រុកកណ្តាលស្ទឹង, អ្នកឧកញ៉ា ទ្រី ភាព បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីគណបក្សស្រុក-ឃុំទាំងអស់ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យក្នុងការបោះឆ្នោតទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។
អ្នកឧកញ៉ា ទ្រី ភាព បានថ្លែងថា ជោគជ័យដែលទទួលបាននេះ កើតចេញពីស្មោះស្ម័គ្រ កើតចេញពីទឹកចិត្តគោរពស្រឡាញ់ និងការរួមចំណែកដ៏ធំធេងមិនអាចខ្វះបានរបស់មន្ត្រីគណបក្សស្រុក និងឃុំទាំងអស់ក្នុងស្រុកកណ្តាលស្ទឹង។
ដោយកម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ ដំណើរការបោះឆ្នោតនៅតែមានជាបន្តបន្ទាប់។ ដូច្នេះកិច្ចប្រឹងប្រែងដណ្តើមយកបេះដូងប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក៏គ្មានទីបញ្ចប់នោះដែរ។ នេះជាការក្រើនរំលឹករបស់អ្នកឧកញ៉ា ទ្រី ភាព ទៅកាន់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងថា ដើម្បីបន្តរក្សាបានការគាំទ្រ និងការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលកំពុងបម្រើការងារនៅថ្នាក់ស្រុក និងថ្នាក់ឃុំ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ហើយត្រូវចៀសវាងឱ្យបានដាច់ខាតការយកប្រាក់កម្រៃក្រៅសេវាពីប្រជាពលរដ្ឋ។
«ការធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ គឺជាកំហុសមួយដ៏ធ្ងន់របស់មន្ត្រីយើង ហើយប្រៀបបាននឹងបំផ្លាញទឹកចិត្ត បំផ្លាញការគាំទ្ររបស់ប្រជាពលរដ្ឋផងដែរ»។ នេះជាការបញ្ជាក់របស់អ្នកឧកញ៉ា ទ្រី ភាព។
អ្នកឧកញ៉ា បន្ថែមថា «សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀតលោកបានប្រឹងប្រែងណាស់ ក្នុងការកសាងប្រទេសជាតិមួយនេះ ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម លើកស្ទួយការអភិវឌ្ឍឱ្យរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរដូចបច្ចុប្បន្ន។ ដូច្នេះយើងមិនត្រូវបំផ្លាញកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ព្រោះតែការបម្រើប្រជាពលរដ្ឋមិនបានល្អនោះឡើយ»។
ខែឧសភាខាងមុខនេះ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំក្នុងស្រុកកណ្តាលស្ទឹង នឹងមានភារកិច្ចដ៏សំខាន់មួយទៀត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងស្រុក។ អាស្រ័យហេតុនេះ អ្នកឧកញ៉ា ទ្រី ភាព បានស្នើឱ្យអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំនៅទូទាំងស្រុកកណ្តាលស្ទឹងទាំង៨៣រូប ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្នាទៅចូលរួមបោះឆ្នោតជូនមន្ត្រីក្រុមប្រឹក្សាខេត្ត និងស្រុករបស់គណបក្សប្រជាជនកម្ពុជា។
មុននឹងបញ្ចប់កិច្ចសំណេះសំណាលអ្នកឧកញ៉ា ទ្រី ភាព បន្តអំពាវនាវដល់សមាជិក សមាជិកាក្នុងស្រុកទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា និងចេះជួយទុក្ខធុរៈគ្នា ព្រោះការរួបរួមសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាធាតុធ្វើឱ្យបក្សរឹងមាំ ហើយតែងទទួលបានជោគជ័យលើសមរភូមិប្រជាធិបតេយ្យ។
សូមបញ្ជាក់ជូនថា ក្នុងពិធីសំណេះសំណាលនេះ អ្នកឧកញ៉ា បានចំណាយថវិកាសម្រាប់បម្រើដល់សកម្មភាពនានារបស់បក្សសរុបប្រមាណជា ៨០លានរៀល៕