(ព្រះវិហារ)៖ បុរសម្នាក់ត្រូវរន្ទះបាញ់បណ្ដាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងឈរនៅក្រោមផ្ទះ ពេលមេឃកំពុងភ្លៀងលាយឡំដោយផ្គររន្ទះ ហេតុការណ៍នេះបានកើតនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែនខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន ខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះថា ជនរងគ្រោះដែលស្លាប់ដោយសាររន្ទះបាញ់មានឈ្មោះ លីហេង ប៉េងងន ភេទប្រុសអាយុ៤២ ឆ្នាំមុខរបរកសិករ រស់នៅភូមិតាកឹង(ថ្នល់បែក) ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

លោកអធិការស្រុកគូលែនថ្លែងបញ្ជាក់ប្រាប់ទៀតថា យោងតាមការបំភ្លឺរបស់ស្តី្រឈ្មោះ សាន រ៉ន អាយុ៤៤ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបាននិយាយរៀបរាប់ឲ្យសមត្ថកិច្ចយើងដឹងថាមុនពេលកើតហេតុមេឃកំពុងភ្លៀង ហើយនិងលាយឡំដោយផ្គររន្ទះ ពេលនោះប្ដីរបស់គាត់កំពុងតែឈរនៅក្រោមផ្ទះ ពេលនោះក៏ឃើញមានផ្លេកបន្ទោល និងរន្ទះបាញ់ ហើយក៏ឃើញប្ដីរបស់គាត់ដួលផ្កាប់មុខទៅលើដីដែលកំពុងតែឈរនៅក្រោមផ្ទះបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង។

លោក ឱ សេង ថ្លែងបញ្ជាក់ទៀតថា ក្រោយទទួលបានព័ត៍មាននេះភ្លាម កម្លាំងជំនាញក៏ចុះទៅពិនិត្យដល់កន្លែងកើតហេតុបរិវេណជុំវិញក្រោមផ្ទះ ពុំមានឃើញអ្វីគួរឱ្យកត់សម្គាល់ទេ ដោយឃើញខ្សែរភ្លើងក្រោមផ្ទះដាច់ សង្ស័យថា រន្ទះបាញ់ឆ្លងតាមចរន្តអគ្គិសនី ចំណែកនៅលើដងខ្លួនសាកសព ពិនិត្យពុំឃើញមានស្លាកស្នាមអ្វីទេ។

ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕