ពលរដ្ឋអង់គ្លេសប្រារព្ធពិធី «The Great Fire of London» រំឮកពីអគ្គិភ័យលេបត្របាក់ទីក្រុងឡុងដ៍ កាលពី៣៥០ឆ្នាំមុន
05-09-2016 17:55
(ឡុងដ៍)៖ រូបសំណាកធ្វើពីឈើ ដែលចម្លងតាមទិដ្ឋភាព ទីក្រុងឡុងដ៍នៅសតវត្សរ៍ទី ១៧ ត្រូវបានគេដុតបញ្ឆេះឡើង នៅថ្ងៃអាទិត្យនៅលើដងទន្លេ River Thames ក្នុងឱកាសខួបទី ៣៥០ឆ្នាំ នៃព្រឹត្តិការណ៍ ដែលប្រជាជនអង់គ្លេសហៅថា «The Great Fire of London» ដែលត្រូវបានគេចាត់ទុកថា ជាកម្រាលផ្លូវ ដែលអនុញ្ញាតឲ្យប្រទេសអង់គ្លេស កសាងនូវរាជធានី ដ៏ទំនើបដូចសព្វថ្ងៃនេះ។
ការដុតរូបសំណាកដែល មានលំនាំតាមទីក្រុងឡុងដ៍នៅឆ្នាំ ១៦៦៦ នេះ ធ្វើឡើងដោយសិល្បករ អាមេរិក David Best។ ជាមួយគ្នានេះដែរ អ្នកទស្សនា នៅតាមច្រាំងទន្លេ បាននាំគ្នាថតយក នូវទស្សនីយ៍ភាពនេះ ខណៈដែលរូបសំណាក នៃអាគារដែលសង់ពីឈើ បានឆាបឆេះយ៉ាង សន្ធោសន្ធៅ លើផ្ទៃទឹកនៃដងទន្លេក្នុងទីក្រុងឡុងដ៍។
សូមរំលឹកថា អគ្គីភ័យដ៏ធំសំបើមមួយ បានលេបយកទីក្រុងឡុងដ៍ ដែលជារាជធានីប្រទេស អង់គ្លេស ស្ទើរតែទាំងស្រុងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៦៦៦ ដោយប្រភពដើមនៃអគ្គីភ័យនេះ គឺមកពីហាងនំបុ័ងមួយឈ្មោះ Thomas Farrinor។ បន្ទាប់ពីការឆាបឆេះនេះបានបញ្ចប់ ទៅវិញនៅថ្ងៃទី០៥ ខែកញ្ញា ៨០% នៃទីក្រុងឡុងដ៍ត្រូវបានបំផ្លាញ ជាមួយនឹងប្រជាជន រាប់ពាន់នាក់បានបាត់បង់លំនៅដ្ឋានរបស់ខ្លួន។
គួរបញ្ជាក់ថា ការធ្វើពិធីដុតបញ្ឆេះរូបសំណាក ដែលតំណាងឲ្យព្រឹត្តការណ៍ ប្រវត្តិសាស្រ្ត របស់ប្រទេសអង់គ្លេសមួយនេះ គឺចង់បង្ហាញពីសមត្ថិភាព របស់ខ្លួនដែលអាចស្ថាបនាឡើងវិញ និងកាន់តែរីកចំរើនបន្ថែមទៀត ទោះបីជាទីក្រុងដ៏ប្រណិតនេះ ធ្លាប់ជួបឧបទ្ទវហេតុដ៏អាក្រក់ កាលពី៣៥០ឆ្នាំមុនក៏ដោយ៕