(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ដើម្បីគៀរគរអ្នកវិនិយោគ មកបណ្តាក់ទុនកាន់តែច្រើន ជាពិសេសក្រុមហ៊ុនធំៗ ដែលប្រើប្រាស់បច្ចេកទេសខ្ពស់ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លុះត្រាខេត្តមានអ្នកជំនាញច្រើន មានអ្នកបច្ចេកទេស ដែលមានវិជ្ជាជីវៈច្បាស់លាស់ត្រូវពឹងផ្អែកទាំងស្រុងទៅលើវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលជាទីកន្លែងបណ្ដុះបណ្ដាលមានគុណភាព និងទំនួលខុសត្រូវខ្ពស់។ 

ការថ្លែងបែបនេះក្នុងឱកាសលោកអញ្ជើញតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត ក្នុងកិច្ចពិភាក្សារវាងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងវិស័យឯកជន ក្នុងការផ្សព្វផ្សាយនឹងយល់ដឹងបន្ថែមអំពីគ្រឹះស្ថាន និងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថាន និងវិស័យឧស្សាហកម្ម នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសណ្ឋាគារវៃគោ។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកស្រី យឹម ពេជម៉ាលីកា អគ្គនាយករង និងជាប្រធានគ្រប់គ្រងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង S4C, លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, លោក លោកស្រីដែលជាមន្ទីរពាក់ព័ន្ធ, លោក យឹម បូរីយុទ្ធ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង, នាយកគ្រឹះស្ថានអបវ មកពីខេត្តព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង, តំណាង ក្រុមហ៊ុន ខាតថាយអឺ,តំណាង វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរកម្ពុជា CGTI, លោក លោកស្រី តំណាងរោងចក្រ សហគ្រាស អ្នកប្រើប្រាស់កម្លាំងពលកម្ម និងសិស្ស និស្សិត ចូលរួមសរុប១៦០នាក់។

លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឲ្យដឹងថា គោលបំណងរួមនៃកម្មវិធីបង្ហាញអំពីការបង្កើនកិច្ចសហការ រវាងវិទ្យាស្ថាន និងវិស័យឯកជន កាន់តែមានភាពរឹងមាំ និងមាននិរន្តរភាព។ បង្ហាញអំពីកម្រិតសិក្សា កម្មវិធីដែលវិទ្យាស្ថានត្រូវធ្វើជាមួយវិស័យឯកជន (ការសិក្សានៅកន្លែងការងារ WBL, កម្មវិធីវិលត្រឡប់ទៅវិស័យឧស្សាហកម្ម (RIS) និងជំនាញអាទិភាពដល់វិស័យឯកជន និងអ្នកពាក់ព័ន្ធ។ ការកំណត់អំពីតម្រូវការជំនាញពីឧស្សាហកម្ម និងការចូលរួមប្រភពហិរញ្ញវត្ថុ។

លោកស្រី យឹម ពេជម៉ាលីកា អគ្គនាយករង និងប្រធានគ្រប់គ្រងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង S4C បានបផ្តល់ជាអនុសាសន៍ដល់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ត្រូវខិតខំបន្តជ្រើសរើសសិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជា ជីវៈ និងបច្ចេកទេស TVET 1.5M ក្រុមគោលដៅមកពីគ្រួសារមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ឲ្យបានគ្រប់ចំនួន។ ខិតខំស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យស្របតាមបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនរៀងរាល់ថ្ងៃ។

ជាមួយគ្នានេះ ត្រូវខិតខំបណ្តុះបណ្តាលដល់បងប្អូនៗក្មួយៗដែលមកសិក្សារៀនសូត្រ ឲ្យមានសមត្ថភាពជំនាញគ្រប់គ្រាន់ និងមានសីលធម៌ គុណធម៌។ ខិតខំសហការជាមួយវិស័យឯកជន ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនដើម្បីសិក្ខាកាម សិស្ស និស្សិត ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល មានកន្លែងកម្មសិក្សា និងការងារ។

លោក ម៉ែន អេង បានបន្ថែមថា យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យក មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល និយាយដោយឡែក កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត និងអ្នកក្នុងបន្ទុកសមាជិក បសស និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានប្រកាសឲ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមក។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា កម្មវិធីនេះជាចំណុចយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលអាចនាំកម្ពុជាពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ផងដែរ។

ក្នុងឱកាសនោះ ក៏មានការធ្វើការបទបង្ហាញចំនួន៤ គឺ៖បទបង្ហាញទី១៖ អំពីកម្មវិធីបណ្តុះបណ្តាលដែលផ្តោតលើការបុគ្គលិកកម្មករ និយោជិត របស់រោងចក្រសហគ្រាស ធ្វើបទបង្ហាញដោយលោក គឹម សំអុន ប្រធានការិយាល័យ នៃវិទ្យាស្ថាន, បទបង្ហាញទី២៖ អំពីសេវាការងារ និងព័ត៌មានទីផ្សារការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ធ្វើបទបង្ហាញដោយលោក យឹម បូរីយុទ្ធ ប្រធានមជ្ឈមណ្ឌលការងារ ខេត្តស្វាយរៀង, បទបង្ហាញទី៣៖ អំពី វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរកម្ពុជា ធ្វើបទបង្ហាញដោយ កញ្ញា មុញ ទឹមសុរដ្ឋា ប្រធានកម្មវិធី, បទបង្ហាញទី៤៖ អំពីប្រវត្តិក្រុមហ៊ុនខាតថាយអឺរ និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុននិងវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ធ្វើបទបង្ហាញដោយ កញ្ញា អន ចន្ធា ប្រធានផ្នែកធនធានមនុស្ស រោងចក្រខាតថាយអឺរ និងមានជាសំណួរ និងចម្លើយផងដែរ៕