(ភ្នំពេញ)៖ នគរបាលខណ្ឌដង្កោ ដោយមានការអនុញ្ញាតិពីអ្នកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង សកម្មជនសហគមន៍ដីធ្លីទាំង០៦នាក់ ក្នុងនោះមានទាំងលោកយាយ ង៉ែត ឃុន ហៅយាយម៉ាំមី នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះហើយ។
មន្រ្តីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ការដោះលែងនេះ បានធ្វើឡើង ក្រោយពីសមត្ថកិច្ច បានធ្វើកិច្ចសន្យាអប់រំ ជាមួយ សកម្មជនសហគមន៍ដីធ្លី ទាំង០៦នាក់ដែលចាប់ពីថ្ងៃ ទី០៤ ខែកញ្ញាឆ្នាំ ២០១៦ បន្ទាប់ពីក្រុមសកម្មជនទាំងនោះ បានប្រមូលផ្តុំគ្នាតវ៉ា ទាមទារឲ្យដោះលែង អ្នកស្រី ទេព វណ្ណី នៅមុខពន្ធនាគារព្រៃស ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០៨៖៥០នាទី កម្លាំងចំរុះគណៈបញ្ជាការឯកភាព ខណ្ឌដង្កោ បានចុះបង្ក្រាបការប្រមូលម្តុំតវ៉ាខុសច្បាប់ ទៅលើក្រុមអ្នកតវ៉ា ចំណុចផ្លូវបេតុងខាងមុខ ពន្ធនាគារព្រៃស (ម២) ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមអ្នកតវ៉ាខាងលើ ដែលសមត្ថកិច្ចបានដោះលែងទាំង០៦នាក់រួមមាន ទី១- ឈ្មោះ ភួង សុភាព ភេទស្រី អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី២- ឈ្មោះ គីវ និក ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី៣- ឈ្មោះ សុខ រស្មី ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ទី៤- ឈ្មោះ មាស ស្រីពៅ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី៥- ឈ្មោះ ណា រី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី៦- ឈ្មោះ ណៃ ឃុន ហៅ យាយមុំាមី ភេទស្រី អាយុ៧៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕