(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ឧស្សាហកម្មទេសចរណ៍ មិនមែនជាឧស្សាហកម្មគ្មានផ្សែងនោះទេ វិស័យនេះបានបញ្ចេញផ្សែងដែរ ប៉ុន្តែបញ្ចេញតិចតួចជាងវិស័យដទៃ គឺត្រឹម៥ភាគរយប៉ុណ្ណោះ។ លោករដ្ឋមន្រ្តី ថោង ខុន បានស្នើឱ្យបណ្ដាញផ្សព្វផ្សាយនានា ឈប់ប្រើពាក្យថា «ទេសចរណ៍ ជាឧស្សាហកម្មគ្មានផ្សែង» តទៅទៀត។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាបូកសរុបការងារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឆ្នាំ២០១៥ ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ នាសាលសន្និសីទចតុមុខ។
លោករដ្ឋមន្រ្តី បានឱ្យដឹងថា កន្លងមក មានបណ្ដាញសារព័ត៌មានមួយចំនួន ដូចជាទូរទស្សន៍ វិទ្យុ បានផ្សព្វផ្សាយថា វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង នេះមិនមែនជាការត្រឹមត្រូវនោះទេ ព្រោះឧស្សាហកម្មទេសចរណ៍ មិនមែនមិនបញ្ចេញផ្សែងឡើយ វាបានបញ្ចេញផ្សែងខ្លះដែរ គ្រាន់តែបញ្ចេញតិចតួចជាងគេ គឺត្រឹម៥ភាគរយប៉ុណ្ណោះ បើធៀបនឹងឧស្សាហកម្មដទៃ។
ជាការទប់ស្កាត់បញ្ហាផ្សែងនេះ ក្រសួងទេសចរណ៍ បានចាត់វិធានការជាច្រើន ដូចជាការដាក់ទិសស្លោកទេសចរម្នាក់ ដើមឈើមួយដើម, ការរៀបចំគ្រប់គ្រង់ស្ដង់ដារ Green Hotel នៅតាមសណ្ឋាគារ មានការប្រើប្រាស់អគ្គិសនី ថាមពល គីមីផ្សេងៗតិចតួចបំផុត គឺកាន់តែតិចកាន់ល្អ ព្រមទាំងចំណាត់ការជាច្រើនទៀត៕